ព័ត៌មានជាតិ

JBC កម្ពុជាបញ្ជូនកំណត់ទូតជាថ្មី ទៅJBCថៃ បញ្ជូនក្រុមវាស់វែងចម្រុះ ចុះលើដីជាក់ស្តែង

ភ្នំពេញ ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃស្នើសុំ៤ចំណុច ដើម្បីបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះពិនិត្យលើដីជាក់ស្តែង ចន្លោះថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៦នេះបានឱ្យដឹងថាទាំង៤ចំណុចនោះរួមមាន ៖ ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារ បោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែន លេខ៤២-៤៧ ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិង ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញ នូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើម ដែលភាគីទាំងពីរបានឯកភាពគ្នា ។
ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ដើម្បីចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៣៣-៣៧ (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។
ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ដើម្បីចុះវាស់វែង និងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែ ព្រំដែនចន្លោះបង្គោលព្រំដែន ដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរ តាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្រប ណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ និងស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ៕

To Top