ព័ត៌មានជាតិ

បង្រ្កាបកន្លែងស្តុកទុក និងចែកចាយបារីអេឡិចត្រូនិច ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានដកហូត ៣០ម៉ឺនដើម

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបកន្លែងស្តុកទុក និងចែកចាយបារីអេឡិចត្រូនិច ដកហូតបាន ៣០ម៉ឺនដើម។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និង ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំ មន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញ របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក សេង ម៉េងស្រ៊ុន បានចុះបង្រ្កាបករណីស្តុកទុក និងចែកចាយ ដោយខុសច្បាប់នូវបារីអេឡិចត្រូនិច ស្ថិតនៅគោលដៅ ផ្ទះC5 ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានមនុស្ស ៥នាក់ វត្ថុតាង ចាប់បារីអេឡិចត្រូនិចប្រមាណ ៣០០,០០០ដើម ។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកមករក្សាទុក នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕

To Top