កំណាត់ផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគ បានរៀបចំសណ្តាប់ធ្នាប់ល្អប្រសើរ ប្រមាណ៩០% ក្រោយអាជ្ញាធរ ចាត់វិធានការ មិនឱ្យលក់ដូរ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ
ភ្នំពេញ៖ កំណាត់ផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងផ្លូវ និងផ្លូវលេខ២៣០ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរ ប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធរ រាជធានីភ្នំពេញ បានចាត់វិធានការ មិនឱ្យអាជីវករ លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ ខណៈដែលត្រូវបន្តធ្វើឱ្យសម្រេចបាន ១០០ភាគរយនាពេលខាងមុខ។

ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករ ដែលលក់ដូរនៅលើផ្លូវ និងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគ ទៅលក់ដូរនៅផ្សារដើមគថ្មី ឬផ្សារតាម៉ាប់ព្រែកជ្រៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ការសម្រេចបានជោគជ័យដ៏ធំធេងនេះ គឺបានមកពីការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត មិនថាយប់ថ្ងៃរបស់អាជ្ញាធរ និងកងកម្លាំងរបស់យើង ហើយអ្វីដែលពីសេសថែមទៀតនោះ គឺបានពីការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ។ ការគាំទ្រនេះ ក៏ព្រោះតែយើងទាំងអស់គ្នា អនុវត្តការងារខាងលើ ដោយភាពទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងធ្វើឡើងដើម្បីផលប្រយោជន៍រួម សម្រាប់ប្រជាពលរដ្ឋ១៧លាននាក់។

បន្ថែមលើនេះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវរៀបចំសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អនិងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតិឱ្យមានការលក់ដូរ រំលោភលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវឡើយ។

លោក ឃួង ស្រេង បានបញ្ជាក់ថា បងប្អូនអាជីវករ នៅតំបន់ជុំវិញ ផ្សារដើមគរចាស់ ដែលពួកគាត់នាំគ្នាទៅលក់ដូរ នៅផ្សារដើមគរថ្មី នាខណ្ឌព្រែកព្នៅ និងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ តាមការដោះស្រាយ របស់រដ្ឋបាលរាជធានី ពួកគាត់មានការសប្បាយរីករាយណាស់ រហូតបានអំពាវនាវ ឱ្យអាជីវករផ្សេងទៀត ទៅលក់តាមពួកគាត់ថែមទៀត ដែលនេះជាភាពជោគជ័យដ៏ធំធេងរបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងឱកាសនោះ ឯកឧត្ដអភិបាលរាជធានី បានប្រកាសបើក ឱ្យធ្វើចរាចរឡើងវិញទាំងអស់ ផ្លូវនៅជុំវិញផ្សារដើមគរចាស់ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ៕

