ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកុម្ភៈ និងលើកទិសដៅ ការងារខែមីនា ឆ្នាំ២០២៦

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

តាមរយៈសេចក្ដីព្រាង របាយការណ៍វឌ្ឍនភាព ការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ដែលអានដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការអភិវឌ្ឍតំបន់ជនបទដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល តាមរយៈការអនុវត្តកម្មវិធីអាទិភាព ទាំង ៥ របស់ខ្លួន ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាមួយនឹងការដាក់ចេញទិសដៅ ការងារបន្ដយ៉ាងច្បាស់លាស់ផងដែរ។

ជាមួយគ្នានោះដែរ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ក៏បានធ្វើបទបង្ហាញអំពីអត្រាកំណើន នៃលទ្ធផលការងារសម្រេចបានក្នុងខែ និងលទ្ធផលសរុបត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៦។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និង ទិសដៅការងារបន្ដរួចមក លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ការងារដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធ្វើឱ្យសម្រេចតាមគោលដៅនៃផែនការយុទ្ធសាស្ដ្រ និងចក្ខុវិស័យដែលបានកំណត់គឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។

ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍មួយចំនួនដែលជាការតម្រង់ទិសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអនុវត្តតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមកម្មវិធីអាទិភាពរបស់ក្រសួង ដើម្បីកសាងនូវសមិទ្ធផលថ្មីៗ បន្ថែមទៀតបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ៕

To Top