ព័ត៌មានជាតិ

សកម្មភាពការទូតទាំងក្នុង -ក្រៅប្រទេស បញ្ជាក់ច្បាស់ថា ការការពារទឹកដី ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា សកម្មភាពការទូតយ៉ាងសកម្ម មមាញឹក និងបន្តឥតដាច់ទាំងក្នុងនិងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ សបញ្ជាក់យ៉ាងច្បាស់ថា ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំលោក ប៉ែន បូណា បានថ្លែងថា ប្រមុខដឹកនាំកម្ពុជាប្រឆាំងដាច់ខាត ចំពោះការរំលោភបំពាន លើបូរណភាពទឹកដីពីសំណាក់ប្រទេសជិតខាង និងការពារសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរជានិច្ច។
លោកថា “អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ទិសទី បន្តជ្រោងទង់សាមគ្គី ឯកភាពជាតិខ្មែរ ដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិ ដែលជាជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល” ។

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់លើការរំលោភបំពាន របស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ។

ចំណែកក្នុងប្រទេសវិញ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា៕

To Top