លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្ត ឱ្យប្រើប្រាស់ផលិតផល ក្នុងសហគមន៍
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តឱ្យប្រើប្រាស់ផលិតផលក្នុងសហគមន៍ ការដាំបន្លែ ជុំវិញសាលារៀន ដើម្បីគាំទ្រជីវភាពកសិករ ។

ក្នុងដំណើរទស្សនកិច្ច អំពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បញ្ជាក់ថា កម្មវិធីផ្តល់អាហារតាម សាលារៀន ដោយប្រើប្រាស់កសិផល ក្នុងសហគមន៍ ជាកម្មវិធីជាតិ ជំនួយសង្គម ដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលបានផ្សារភ្ជាប់គ្នា រវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងលើកកម្ពស់សេដ្ឋកិច្ចនិងសមធម៌ នៅក្នុងសហគមន៍ផងដែរ។ កម្មវិធីនេះ ក៏បានជំរុញឱ្យមានការដាំបន្លែក្នុងសាលារៀន និងការផលិតអាហារដោយខ្លួនឯង ដែលចូលរួមបង្កើន បំណិនជីវិតសម្រាប់សិស្សានុសិស្ស បង្កើនសុវត្ថិភាពស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍ ។

បន្ថែមលើនេះ, លោកជំទាវបណ្ឌិត បានលើកទឹកចិត្តឱ្យប្រើប្រាស់ផលិតផលក្នុងសហគមន៍ ការដាំបន្លែ ជុំវិញសាលារៀន ដើម្បីគាំទ្រជីវភាពកសិករ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ ឱ្យពឹងផ្អែកលើខ្លួនឯងបានប្រសើរ។

សូមបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៩មក ដោយមានការគាំទ្រ ពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងគោលបំណងលើកកម្ពស់ អាហារូបត្ថម្ភកុមារ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនការចូលរៀននៅតំបន់ជនបទ តំបន់ មានអត្រាភាពក្រីក្រខ្ពស់ និងងាយរងគ្រោះខ្លាំង។

គិតត្រឹម ឆ្នាំ២០២៥ កម្មវិធីនេះ បានគ្របដណ្តប់សាលាបឋមសិក្សាគោលដៅសរុប ១ ១១៤ សាលា ក្នុងខេត្តចំនួន ១០ ដែលមានសិស្សទទួលផលប្រមាណ ៣០០ ០០០នាក់ ដែលក្នុងនោះ សាលាចំនួន ៨១៦ និងសិស្សទទួលផលចំនួន ២៣២ ០០០នាក់ បាននិងកំពុងអនុវត្តដោយប្រើ ប្រាស់ថវិកាជាតិ ខណៈសាលាចំនួន ២៩៨ បាននិងកំពុងអនុវត្តក្រោមការគ្រប់គ្រងដោយកម្មវិធី ស្បៀងអាហារពិភពលោក៕








