ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ វេជ្ជសាស្ត្របុរាណ គឺជាកេរ្តិ៍តំណែល របស់ជាតិ ជាមរតកមានតម្លៃ ប្រវត្តិសាស្ត្រ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា វេជ្ជសាស្ត្របុរាណ (ឱសថ ឫថ្នាំបុរាណ) គឺជាកេរ្តិ៍តំណែលរបស់ជាតិ ហើយជាមរតកមានតម្លៃជាប្រវត្តិសាស្ត្រ ប្រពៃណីដែលត្រូវខិតខំថែរក្សា និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដោយខិតខំបន្តស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត ។
ក្នុងឱកាសដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យសួនរុក្ខជាតិឱសថ នៅឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ (គិរីរម្យ) របស់មជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ នៃក្រសួងសុខាភិបាល ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការងារថែរក្សា និងអភិរក្សរុក្ខជាតិឱសថបន្ថែមទៀតនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សាស្រ្តាចារ្យ ឈាង រ៉ាបានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ ត្រូវខិតខំថែរក្សា និងអភិវឌ្ឍសួនរុក្ខជាតិនេះឱ្យក្លាយជាសួនពណ៌បៃតង ចម្រុះពណ៌ ដែលមានរុក្ខជាតិ ឱសថជាច្រើនប្រភេទ ដែលប្រមូលពីគ្រប់ទីកន្លែង ដើម្បីរក្សាតម្លៃផ្នែករុក្ខជាតិ ឱសថបុរាណខ្មែរ ដែលមានដើមកំណើតពីដូនតាជំនាន់មុន ដែលមានប្រាសាទនាគព័ន្ធ តំណាងឱ្យវិស័យសុខាភិបាលខ្មែរ នាជំនាន់នោះ។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី លើកទឹកចិត្តដល់អ្នកមានជំនាញ និងលោក អ្នកគ្រូ ដែលមានជំនាញផ្នែករុក្ខជាតិឱសថនេះ ដោយត្រូវចូលរួមជួយគាំទ្រ អភិរក្ស និងថែរក្សារុក្ខជាតិឱសថ ដោយត្រូវរៀបចំចក្ខុវិស័យ ផែនការយុទ្ធសាស្រ្ត និងការដឹកនាំដែលនាំឱ្យកាន់តែមានការរីកចម្រើន ដែលអាចឈានទៅការផលិតជាឱសថ និងផលិតជាគ្រឿងសំអាងនានា ដើម្បីជាអត្ថប្រយោជន៍ដល់សង្គមជាតិ ស្របតាមតម្រូវការបច្ចុប្បន្ន។

ជាទីបញ្ចប់ ថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ បានប្តេជ្ញាចិត្តរួមគ្នា សហការគ្នា សាមគ្គីគ្នា ដើម្បីប្រែក្លាយសួនរុក្ខជាតិឱសថនេះ ឱ្យក្លាយជាសួនចម្រុះពណ៌ ក្នុងការបម្រើជាអត្ថប្រយោជន៍ដល់និស្សិត អ្នកស្រាវជ្រាវបម្រើក្នុងផ្នែកវេជ្ជសាស្រ្ត និងជាពិសេសសង្គមជាតិ។

សូមជម្រាបថា សួនរុក្ខជាតិឱសថ(គិរីរម្យ) មានផ្ទៃដីទំហំ៥ហិកតា ស្ថិតនៅឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ភូមិចាន់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សួនរុក្ខជាតិនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សរុក្ខជាតិ ដែលបានកំពុងប្រើប្រាស់ជាឱសថ ក្នុងការថែទាំ និងព្យាបាលជំងឺជាពិសេសរុក្ខជាតិឱសថដែលកម្រកំពុងរងការគម្រាមគំហែងនិងជិតផុតពូជ ។ សួនរុក្ខជាតិឱសថនេះជាសួរគំរូថ្នាក់ជាតិ និងប្រើប្រាស់ជាថ្នាលសម្រាប់ការស្រាវជ្រាវ ទស្សនកិច្ចសិក្សារបស់និស្សិត គ្រូបុរាណ និងក្រុមអ្នកស្រាវជ្រាវជាតិ អន្តរជាតិ៕

To Top