រដ្ឋមន្ដ្រីមហាផ្ទៃ ដាស់តឿនម្ចាស់ទីតាំង មានជនបរទេសស្នាក់នៅ ត្រូវអនុវត្តកាតព្វកិច្ចរាយការណ៍ជូនសមត្ថកិច្ច ចាប់ពីខែមីនា តទៅ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿន ជាមុនទៅកាន់ម្ចាស់ទីតាំង ស្នាក់នៅគ្រប់ប្រភេទ មិនថាសណ្ឋាគារ ផ្ទះសំណាក់ ឬម្ចាស់អគារស្នាក់នៅនានា ដែលមានជនបរទេសស្នាក់នៅ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ជូនសមត្ថកិច្ច ខណៈសមត្ថកិច្ច នឹងអនុវត្ត ការពិន័យ ចាប់ពីដើមខែមីនា ឆ្នាំ២០២៦ នេះតទៅ។
ការដាស់តឿននេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងកម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ ក្រោមប្រធានបទ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ ប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមអនុក្រឹត្យលេខ ០៣ ចុះហត្ថលេខាដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦នេះ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបាន បំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យនេះ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០០ ០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។
បើតាមអនុក្រឹត្យដដែល ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤ ០០០ ០០០ រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។
ភ្ជាប់នឹងការរម្លឹកដាស់តឿននេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុក ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ជាការបង្ហាញនូវជំហរឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនមានការរើសអើង ជាស្មារតីសាមគ្គីភាព និងជាការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងកលល្បិចដ៏ពិសពុលរបស់ជនល្មើស គួបផ្សំនឹងការឆបោកតាមបច្ចេកវិទ្យា (Online Scams) ដ៏ទំនើប ដែលអូសទាញមនុស្ស ឱ្យធ្លាក់ក្នុងភាពរងគ្រោះយ៉ាងធ្ងន់ធ្ងរ។
លោក បានសង្កត់ធ្ងន់ថា ជនបរទេសដែលស្នាក់នៅ តាមទីតាំងនានាដោយពុំបានរាយការណ៍ ទៅសមត្ថកិច្ចពីសំណាក់ម្ចាស់ទីតាំង ស្ថិតក្នុងចំណោមជនបរទេសដែលអាចសំងំប្រព្រឹត្តបទល្មើស។
គួររម្លឹកថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបង្ក្រាប ករណីជួញដូរមនុស្ស បានសរុបចំនួន ៧៩ករណី លើ២៨ករណី (បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ គឺកើនឡើងបីដង) ក្នុងនោះឃាត់ខ្លួនសង្ស័យសរុបបានចំនួន ១៣០នាក់ និងបង្ក្រាបបទល្មើសធ្វើអាជីវកម្មផ្លូវភេទ បាន១០១ករណី ឃាត់ខ្លួនជនសង្ស័យ ១៤៤នាក់៕
