ព័ត៌មានជាតិ

លោក ហួត ហាក់៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព, ភាពប្រកួតប្រជែង និងភាពធន់នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស គឺការគិតគូរផ្តល់ភាពកក់ក្តៅ ជូនបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

ការថ្លែងរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលា ផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះទទួលយកបណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Skill Voucher) ក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានកំណត់យកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាសសរស្ដម្ភមួយយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចកម្ពុជា ព្រោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិងកំពុងបង្កើតការងារប្រមាណជាង ៨៥% សម្រាប់ប្រជាពលរដ្ឋខ្មែរ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ពិធីនេះ មានការអញ្ជើញចូលរួម ពីលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍, លោក ឆាយ អភិបាលរងរាជធានីភ្នំពេញ, លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចព្រមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គសិក្ខាសាលា ប្រមាណជាង ២,០០០នាក់។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងបន្តថា រាជរដ្ឋាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព, ភាពប្រកួតប្រជែង និងភាពធន់នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ និងប្រកបដោយសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ជាពិសេស គឺការគិតគូរផ្តល់ភាពកក់ក្តៅជូនបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអនាគតរបស់បងប្អូន តាមរយៈការបង្កើតឱកាសមុខរបរ, ការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានគិតគូរច្បាស់លាស់ និងបានផ្តល់អាទិភាព លើការកសាងមូលដ្ឋានទិន្នន័យនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានច្បាស់លាស់ ដែលជាចំណុចគន្លឹះសម្រាប់ការវិភាគ និងជាមូលដ្ឋានសម្រាប់ការរៀបចំយន្តការគាំទ្រ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព ក្នុងនោះរាជរដ្ឋាភិបាល បានបង្កើត និងដាក់ឱ្យដំណើរការថ្នាលឌីជីថល សម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតបង់ថ្លៃ និងដោយស្ម័គ្រចិត្ត និងការចុះឈ្មោះដោយផ្អែកលើព័ត៌មាន តាមរយៈការធ្វើស្វ័យប្រកាស ដែលមានទម្រង់សាមញ្ញ ងាយស្រួល និងចំណេញពេលវេលា។

ជាមួយគ្នានេះ ក្នុងនាមប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានដឹកនាំតម្រង់ទិសឱ្យសមាគមធ្វើសកម្មភាព ឱ្យកាន់តែស៊ីជម្រៅតាមវិស័យនីមួយៗ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ និងបន្តមកគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងតាមផែនការយុទ្ធសាស្ត្ររបស់សមាគម។

លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព គូសបញ្ជាក់ថា សម្រាប់ថ្ងៃនេះ គឺជាលើកទី១ ដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះ ទទួលយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Skills Voucher) ក្នុងវិស័យទេសចរណ៍ ដោយមានបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមប្រមាណជាង ១,៧០០នាក់៕

To Top