ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញបើកវេទិកាសាធារណៈស្តីពី ការផ្សព្វផ្សាយព័ត៌មានថវិកា សម្រាប់សាធារណជន ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាសាធារណៈស្តីពី ការផ្សព្វផ្សាយព័ត៌មានថវិកា សម្រាប់សាធារណជន ឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារសុខាភ្នំពេញ ។

វេទិកានេះ ត្រូវបានរៀបចំដោយ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយ ច្បាប់ថវិកា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ សាធារណជនឱ្យ បានជ្រាបអំពីកម្មវិធីនយោបាយ និងលទ្ធភាពថវិកាដែលក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលការអនុម័តពីរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីយកមកបំពេញបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ នៅតំបន់ជនបទឱ្យកាន់តែល្អប្រសើរ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ និងគៀគរ ការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធក្រោមអភិក្រមជវភាព នៃប្រព័ន្ធតួអង្គតែមួយ ។

ថ្លែងក្នុងពិធីបើកវេទិកាសាធារណៈនេះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពី គុណតម្លៃ នៃសុខសន្ដិភាព ដែលជាបរិស្ថានគ្របដណ្តប់ និងជាបុរេលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំបន្ដវេន ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០៕

To Top