ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង នៃខេត្តសៀមរាប កាន់តែនៅគៀកជិតប្រជាជន និងផ្តល់ជាគុណតម្លៃ ជាជីវិត និងការជួយសង្រ្គោះយ៉ាងពិតប្រាកដ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបេះដូង ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកុម្ភៈ សាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា មជ្ឈមណ្ឌលបេះដូងបើកសម្ពោធនេះ គឺជាការចូលរួមដ៏សំខាន់មួយបន្ថែមទៀតក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាសុខភាពសាធារណៈ ពិសេសជំងឺបេះដូងដែលរួមមាន ជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងាត់ និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីគូសបញ្ជាក់ថា សមិទ្ធផលនៃមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាបនេះ បានចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើនវានុវត្តន៍ទំនើបកម្ម សេវាសុខាភិបាល ផ្នែកសេវាជំងឺបេះដូង និងសរសៃឈាម ដែលជាផ្នែកមួយ ដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាព នៃការបម្រើសេវានៅក្នុង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនោះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត សាស្រ្តាចារ្យបានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខាភិបាលទូទាំងខេត្តសៀមរាប រួមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកក្នុងការអនុវត្តផ្ដល់សេវាដោយសមធម៌ និងមិនរើសអើង , ត្រូវខិតខំថែទាំងអគារ អនាម័យឱ្យបានល្អ , ត្រូវពង្រីកវិសាលភាពមូលនិធិសមធម៌ និងត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបេះដូង ខេត្តសៀមរាប ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចាប់ផ្តើមដំណើរការ សាងសង់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ។ ចំណាយថវិកាសាងសង និងបរិក្ខារអស់ជាង២លានដុល្លារ ៕








