ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យខិតខំបង្កើត ជាវិថីថ្មើរជើង វិថីសិល្បៈ ឬវិថីម្ហូបអាហារ ទៅតាមលក្ខណៈពិសេស និងអត្តសញ្ញាណនៃទីក្រុងនីមួយៗ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ត្រូវខិតខំបង្កើតជាវិថីថ្មើរជើង វិថីសិល្បៈ ឬវិថីម្ហូបអាហារ ទៅតាមលក្ខណៈពិសេស និងអត្តសញ្ញាណនៃទីក្រុងនីមួយៗ។

តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយក ចិត្តទុកដាក់លើការងារអាទិភាព ដូចជា ៖ ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋាន គ្រឹះដ៏ចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹង ទីក្រុងឆ្លាតវៃ ដែលមានលក្ខណៈ ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ដើម្បី លើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនឱ្យប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

សម្ដេចធិបតី បន្ដថា បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព និង បដិសណ្ឋារកិច្ចល្អ។ លើសពីនេះ សម្ដេច ក៏ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ សូមបន្តចូលរួមគាំទ្រដល់ចលនាប្រឡងប្រណាំង និងការអនុវត្តស្តង់ដានានាដែលបានដាក់ចេញ កន្លងមក ដែលនឹងចូលរួមយ៉ាងសំខាន់ដល់ការប្រែក្លាយទីក្រុង ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ត្រូវខិតខំបង្កើតជាវិថីថ្មើរជើង វិថីសិល្បៈ ឬវិថីម្ហូបអាហារ ទៅតាមលក្ខណៈពិសេសនិងអត្តសញ្ញាណនៃទីក្រុងនីមួយៗ ខិតខំពង្រឹង សណ្តាប់ធ្នាប់ សោភណភាព អនាម័យ និងគុណភាពសេវាកម្មរបស់តូបលក់ម្ហូបអាហារតាមដងផ្លូវ ស្របតាមស្តង់ដានៅតាមទីក្រុង និងទីប្រជុំជននានា ព្រមទាំងត្រូវរៀបចំឱ្យមានខ្សែក្រវាត់បៃតង នៅតាមទីក្រុងទេស ចរណ៍សំខាន់ៗ ក្នុងគោលដៅគាំទ្រ ដល់យុទ្ធនាការ ទេសចរណ៍ គឺជាការនាំចេញ នៅនឹងកន្លែង ដើម្បីជាតម្លៃបន្ថែមខ្ពស់ ដល់វិស័យទេសចរណ៍»៕

To Top