ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ទាត់ចោលសំដីរដ្ឋមន្រ្តី ការបរទេសថៃថា កម្ពុជាប្រើប្រាសាទព្រះវិហារជាមូលដ្ឋានយោធា

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ របស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលបាននិយាយថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧បានឲ្យដឹងថា លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានររាយការណ៍ទៅកាសែត The Nation Thailand ដោយចោទថា កម្ពុជាបានប្រើប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ចំពោះករណីនេះ ក្រសួងបដិសេធទាំងស្រុង។

ក្រសួងវប្បធម៌បញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាវិមានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ ដែលមានតម្លៃជាសកល ហើយមិនដែលត្រូវបានគេកំណត់ បង្កើត ឬប្រើជាមូលដ្ឋានយោធាទេ ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការការពារសម្បត្តិវប្បធម៌ និងធានាថា តំបន់បេតិកភណ្ឌពិភពលោកនេះ ត្រូវបានអភិរក្សសម្រាប់តែគោល បំណងសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។

លិខិតរបស់ក្រសួងសង្កត់ធ្ងន់ថា កម្ពុជាមានកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិក្នុងការការពារប្រាសាទព្រះវិហារ ដែលបញ្ជាក់ដោយ ICJ ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ វត្តមានរបស់អាជ្ញាធរកម្ពុជាក្នុងការការពារបេតិកភណ្ឌវប្បធម៌មិនអាចមានលក្ខណៈខុសលក្ខណៈ ជាការប្រើប្រាស់ប្រាសាទដោយយោធាឡើយ។ ការគ្រប់គ្រងប្រាសាទនៅតែស្ថិតក្រោមអាជ្ញាធរបេតិកភណ្ឌស៊ីវិល ហើយវត្តមានសន្តិសុខណាមួយត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះការការពារ ។

សូមបញ្ជាក់ថា ការផ្តល់បទសម្ភាសន៍ទៅដល់ The Nation Thailand ពីសំណាក់រដ្ឋមន្រ្តីការបរទេសថៃនេះ ក៏បានធ្វើឡើងស្រប ទៅនឹងក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំង នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ផងដែរ ៕

To Top