ក្រសួងការងារ និងសហព័ន្ធ សហជីព អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបពិភាក្សាលើការពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ITUC-AP) នៅទីស្តីការក្រសួង ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើក កម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈ នៅកម្ពុជាឱ្យកាន់តែប្រសើរ។

នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និង ITUC-AP នាពេលកន្លងមក ដែលសម្រេចបាន នូវសមិទ្ធផលល្អប្រសើរក្នុងការលើកកម្ពស់សិទ្ធិការងារ និងសេរីភាពអង្គការ វិជ្ជាជីវៈឱ្យស្របតាមបទដ្ឋានអន្តរជាតិ ខាងការងារ និងបរិបទសង្គមកម្ពុជា។ កិច្ចសហការនេះ ក៏បានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម និង លើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈ ព្រមទាំងបង្កើតបរិយាកាស វិនិយោគប្រកបដោយភាពទាក់ទាញ។

ជាការឆ្លើយតប លោក Shoya Yoshida បានប្តេជ្ញាបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលដៅលើកកម្ពស់វិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់កម្មករនិយោជិត និងលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតទាំងបច្ចុប្បន្ន និងអនាគត។

លោកស្រីរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណចំពោះភាគី ITUC-AP សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ព្រមទាំងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធល្អៗលើវិស័យការងារ។ លោកស្រីក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូដ៏សំខាន់រវាងក្រសួង និង ITUC-AP នឹងបន្តរីកចម្រើន និងរួមចំណែកកាន់តែមានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា៕
