ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ជំរុញការចូលរួមទប់ស្កាត់ ការកាប់រុករាន ឆ្ការដុតព្រៃ ដើម្បីធ្វើកសិកម្ម និងយកដីជាកម្មសិទ្ធិ

កោះកុង ៖ ក្រសួងបរិស្ថាន បានជំរុញការចូលរួមទប់ស្កាត់ការកាប់រុករាន ឆ្ការដុតព្រៃ ដើម្បីធ្វើកសិកម្ម និងយកដីជាកម្មសិទ្ធិ ការដុតដុតសំរាម និងសំណល់ប្លាស្ទិក នាំឱ្យមានការប៉ះពាល់ដល់ការបាត់បង់ជីវៈចម្រុះ និងការបំពុលខ្យល់។

នេះជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំមន្រ្តី នៃនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង បានចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ និងធ្វើការត្រួតពិនិត្យគុណភាពខ្យល់ដោយប្រើរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នៅក្នុងឱកាសនេះ លោក ខ្វៃ អាទិត្យា បានជម្រាបជូនអំពីស្ថានភាពគុណភាពខ្យល់ ការតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ការដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ជាមួយគ្នានេះ ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។

លើសពីនេះ លោក អនុរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយ និងអំពាវនាវដល់អ្នកចូលរួមកម្មវិធី ជាពិសេសសិស្សានុសិស្ស ចូលរួមផ្សព្វផ្សាយបន្ត និងអនុវត្តវិធានការ តាមសារាចរណែនាំលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្រ្ទានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ៕

To Top