អាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកផ្តល់សេវាកម្ម បញ្ចូលថាមពលលើកស្លាកបង្ហាញ អត្រាថ្លៃបញ្ចូលថាមពល យានយន្តអគ្គិសនី
ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានតម្រូវឱ្យអ្នកផ្តល់សេវាកម្មបញ្ចូលថាមពលលើកស្លាកបង្ហាញ «អត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី» នៅតាមស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី។
យោងតាមសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា អាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា នៅមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមួយចំនួនពុំមានលើក ស្លាកបង្ហាញអត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី កំពុងអនុវត្ត សម្រាប់ជាព័ត៌មានជូនដល់អតិថិជននៅឡើយ។
អាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មបញ្ចូលថាមពលយានយន្ត អគ្គិសនីទាំងអស់លើកស្លាកបង្ហាញ «អត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនីកំពុងអនុវត្ត» នៅគ្រប់ស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី៕
