ព័ត៌មានជាតិ

ក្រសួងបរិស្ថាន កំពុងត្រួតពិនិត្យ គុណភាពបរិស្ថាន របស់រោងចក្រមួយកន្លែង នៅស្រុកខ្សាច់កណ្តាល ក្រោយមាន សេចក្តីរាយការណ៍ ថា មានកម្មករដួលសន្លប់ និងស្លាប់ចំនួន ១នាក់

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់ឱ្យមន្រ្តីជំនាញ ធ្វើការចុះត្រួតពិនិត្យគុណភាព បរិស្ថាននៅជុំវិញ ក្នុងបរិវេណរោងចក្រ CAMBO UNISOLL LTD. មានមូលដ្ឋាននៅស្ថិតនៅភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ការចុះប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ពីអាជ្ញាធរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មានករណីកម្មករចំនួន ១១នាក់ បានដួលសន្លប់ និង ស្លាប់ចំនួន ១នាក់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សូមបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ ពីអាជ្ញាធរលើករណីខាងលើ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំដល់ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ធ្វើការអន្តរាគមន៍ទប់ស្កាត់ការបំពុលបរិស្ថាន ដែលអាចកើតមានឡើងនៅតំបន់រោងចក្រ។

ក្រុមការងារជំនាញក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានធ្វើការចុះត្រួតពិនិត្យ គុណភាពខ្យល់ ដោយដាក់ឧបករណ៍វិភាគ គុណភាពខ្យល់ នៅក្នុងទីតាំងរោងចក្រផ្ទាល់។ ពេលនេះក្រុមការងារបាន និងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធ នៅក្នុងទីតាំងរោងចក្រ ដើម្បីធ្វើវាយតម្លៃរកមូលហេតុប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់កម្មករ៕

To Top