ជនជាតិចិន ៣២៣នាក់ទៀត ត្រូវបានបណ្ដេញចេញពី កម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
ភ្នំពេញ ៖ អគ្គនាយក ដ្ឋានអន្តោ ប្រវេសន៍ ក្រសួងមហាផ្ទៃបានឲ្យដឹងថាមានជនជាតិចិន ៣២៣នាក់ទៀត ត្រូវបានបណ្ដេញចេញពី ព្រះរាជាណាចក្រកម្ពុជា ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយក ដ្ឋានអន្តោ ប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ថ្នាក់ ដឹកនាំ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើ ការ បណ្តេញ ជន ជាតិចិនសរុបចំនួន ៣២៣នាក់ (ស្រី៥នាក់) ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ករណីបង្រ្កាបនៅរាជធានីភ្នំពេញ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕


