ព័ត៌មានជាតិ

លោក ផារ៉ា មង្គល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អាគារសិក្សាថ្មី និងសមិទ្ធផលនានានៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ (១២បន្ទប់) និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូល រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកក្រូចឆ្មារ។ បន្ថែមលើនេះ ឯកឧត្តមក៏បាននាំមកនូវមនោសញ្ចេតនានឹករលឹកពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ដែលជានិច្ចកាលតែងតែណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសមិទ្ធផលរូបវន្ត និងបន្តជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

លោករដ្ឋលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរចំពោះការផ្ដួចផ្ដើមដឹកនាំរបស់ ឯកឧត្តម គង់ ភឿន និងការចូលរួមឧបត្ថម្ភពីសប្បុរសជន ដែលបានធ្វើឱ្យសម្រេចបាននូវអគារសិក្សាថ្មីនេះ។

លោកបានថ្លែងថា៖ ចំណេះដឹងគឺជាគ្រឹះដ៏សំខាន់សម្រាប់យុវជនដើម្បីក្លាយជាសរសរទ្រូងជាតិ ព្រមទាំងបានអំពាវនាវឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យ ស្តាប់ដំបូន្មានឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងជៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍។

គូសបញ្ជាក់បន្ថែមថា៖ អគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ (១២បន្ទប់) កន្លែងលាងដៃ ចំនួន ២កន្លែង, ក្លោងទ្វា, របង, រោងកង់-ម៉ូតូ និងផ្លូវបេតុងចូលវិទ្យាល័យ ហ៊ុនសែន ព្រែកអាជី ប្រវែង ៤២៣ម៉ែត្រ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំប្រើប្រាស់ផងដែរ៕

ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top