អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារត្រួតពិនិត្យ វាយតម្លៃការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងពលរដ្ឋ នៅសាលាបឋមសិក្សា ក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យតាមដានការងារដឹកនាំ វាយតម្លៃការរៀបចំសោភ័ណ្ឌភាព បរិស្ថានសិក្សា និងជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន និងសាលាបឋមសិក្សាក្រសាំងព្នៅ ដែលស្ថិតនៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះដែរលោក ខូយ រីដា បានមានប្រសាសន៍ថា “សាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន បានកើតឡើងកាលពីឆ្នាំ២០១៨ ក្នុងខណៈដែលរូបខ្ញុំជាអភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកវាលវែង។ ភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ជាតំបន់ដាច់ស្រយាល និងជាភូមិឧបសម្ព័ន្ធទើបបង្កើតថ្មី ពិបាកក្នុងការធ្វើដំណើរ។ ក្នុងពេលនោះ ដោយសារកុមារគ្មានសាលារៀន សហគមន៍ជាមួយក្រុមការងារបានផ្តួចផ្តើមកសាងសាលានេះ ហើយមានធនធានយ៉ាងតិចតួច។ដោយភាពស្រឡាញ់រាប់អានប្រកបដោយមនោសញ្ចេតនា ពួកគាត់បានសុំយកឈ្មោះខ្ញុំ ដាក់ជាឈ្មោះសាលានេះតែម្តង”។

បច្ចុប្បន្នដោយពិនិត្យឃើញថា សាលានេះមានសភាពទ្រុឌទ្រោម និងមិនទាន់មានលក្ខណៈសមរម្យ ឯកឧត្តម ខូយ រីដា បានតាំងចិត្តផ្តួចផ្តើមប្រមែប្រមូលធនធាន យកមកកសាងសាលារៀននេះ១ខ្នង មាន៣បន្ទប់ នាពេលខាងមុខនេះ គឺធ្វើឱ្យសមស្របនឹងចំនួនសិស្ស និងនិយាមគរុកោសល្យ៕




ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន/ដើមអម្ពិល
