ឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបន្តខិតខំព្យាបាលពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជារងការឈ្លានពានពីយោធាថៃ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈក្នុងកាលៈទេសៈកម្ពុជារងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។

ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី នៃពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជាដែលជានិច្ចជាកាលសម្ដេចធិបតី តែងតែខ្វាយខ្វល់ និងយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពកុមារតូចៗផងដែរ។ ដូច្នេះតាមរយៈការគិតគូរ និងការយកចិត្តទុកដាក់នេះ បានធ្វើឱ្យតាមបណ្ដាមូលដ្ឋានទូទាំងប្រទេសបង្កើតឱ្យមានក្រុមគ្រូស្ម័គ្រចិត្តដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃ។

លោក វេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកបាភ្នំនាព្រឹកនេះ មានចំនួន៤១៣នាក់។

ក្រុមគ្រូពេទ្យនឹងពិនិត្យនិងព្យាបាលជំងឺទូទៅ រួមមាន អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ជំងឺក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក និងវាស់ភ្នែក។

ក្រៅពីនេះ ក៏មានការពិនិត្យភ្នែក និងចែកវ៉ែនតា ការពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម៕




