ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាសការងារជាង ៤ពាន់កន្លែង ដល់អតីតពលករ និងអ្នករកការងារធ្វើ នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឱកាសការងារចំនួន ៨២ ៨១៣កន្លែងនៅទូទាំងប្រទេស និងព័ត៌មានដ៏មានសារៈសំខាន់ ពីអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានប្រារព្ឋធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតី លោក​ ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជាមួយនឹងការផ្សព្វផ្សាយ និង ចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (១,៥លាននាក់), វេទិកានេះជាឱកាសដ៏មានតម្លៃ ដែលបានផ្សាភ្ជាប់ដោយផ្ទាល់ដល់មូលដ្ឋាន រវាងអ្នករកការងារប្រមាណជា​៧០០នាក់ និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ១២ ដែលកំពុងត្រូវការកម្លាំងពលកម្មសរុប ៣ ៨១៥នាក់។

នាឱកាសនោះ លោក​ ងុយ រិទ្ធ បានពន្យល់យ៉ាងក្បោះក្បាយដល់បងប្អូនអ្នកចូលរួម អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃការងារនៅក្នុងស្រុក ដែលមិនត្រឹមតែទទួលបានប្រាក់ឈ្នួលសមរម្យជាមួយនឹងលក្ខខណ្ឌការងារល្អ បានរស់នៅជួបជុំគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ និងជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្ត និងផ្នែកហានិភ័យការងារ។

ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្តឱ្យយុវជន ជាពិសេសបងប្អូនដែលត្រឡប់មកពីប្រទេសថៃចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ ដែលក៏ជាគ្រឹះដ៏រឹងមាំមួយសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដោយលោកបានគូសបញ្ជាក់ថា ការផ្ដល់ឱកាសការងារ និងការបង្កើតមុខរបរ ក្នុងស្រុកជូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយ​ ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋ គ្រប់រូបយ៉ាងកក់ក្ដៅបំផុត ក្នុងគ្រប់កាលៈទេសៈ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕

To Top