សម្តេចតេជោ ប្រាប់មេដឹកនាំពិភពលោក នឹងចូលរួមប្រជុំហ្វ្រង់កូហ្វូនី នៅកម្ពុជា កុំបារម្ភសុវត្ថិភាព
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានផ្តាំផ្ញើ ទៅបណ្តាមេដឹកនាំនៅលើពិភពលោក ដែលភាគច្រើនមកពីអឺរ៉ុប នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំ ប្រទេសនិយាយភាសា បារាំង ឬហ្វ្រង់កូហ្វូនី(OIF)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កុំភ័យបារម្ភអំពីសុវត្ថិភាព ផ្ទាល់ខ្លួនចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ក្រោយជំនួបរវាងសម្តេចតេជោ និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា សម្តេចតេជោ តាមរយៈលោកស្រីអគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានផ្ញើសារទៅមេដឹកនាំមកពីជុំវិញពិភពលោក នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៦នេះ កុំបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរឿង បញ្ហាព្រំដែនកម្ពុជា-ថៃ ព្រោះមិនជះឥទ្ធិពលអវិជ្ជមាន ណាមួយដល់កិច្ចប្រជុំទេ ។

អ្នកនាំពាក្យបញ្ជាក់ថា “សម្តេច បានផ្ញើសារទៅកាន់លោកជំទាវ ដោយបញ្ជាក់ថា សូមឲ្យបណ្តាប្រទេសហ្វ្រង់កូហ្វូនី ជាពិសេសបណ្តាមេដឹកនាំ ដែលគ្រោងអញ្ជើញមកកាន់ប្រទេសកម្ពុជា នៅពេលខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី សូមកុំមានការបារម្ភ ថ្វីដ្បិតតែកម្ពុជា និងថៃមានបញ្ហាព្រំដែនជាមួយគ្នា ក៏មិនជះឥទ្ធិពលដល់ដំណើរការនៃការរៀបចំនៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់មួយនេះឡើយ” ។

សូមបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានកាលពីពេលថ្មីៗនេះឲ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀប ចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ខណៈឆ្នាំ២០២៥ កិច្ចប្រជុំនេះប្រារព្ធឡើង នៅប្រទេសបារាំង ។ ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និងតំណាងរដ្ឋជាសមាជិក នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីព្រមទាំងស្ថាប័នដៃ គូនានាជាច្រើន។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងរិះរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការហ្វ្រង់កូហ្វូនីដែលជិត១០០ប្រទេស ៕
