សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា-សិង្ហបុរី នៅមានសកក្កានុពលជាច្រើនទៀត ក្នុងការពង្រីកកិច្ចប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសកក្កានុពលជាច្រើនទៀត ជាកាលានុវត្តភាពក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។

ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប លោកស្រី ឯកអគ្គរដ្ឋទូត បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីមោទនភាព របស់ លោកស្រី ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា និងជាផ្នែកមួយដែលបានឃើញ នូវការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជាមានជាអាទិ៍៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រមទាំងការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ជាដើម។

លោកស្រី បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមទៀតផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់សិង្ហបុរីក្នុងការគាំទ្រ និងជំរុញឱ្យមានបទឈប់បាញ់របស់វាងកម្ពុជា និងថៃ នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសកក្កានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតី ក៏បានជម្រាបជូនលោកជំទាវអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហរ របស់កម្ពុជា នៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ។

លោកស្រី ឯកអគ្គរដ្ឋទូត សង្ឃឹមថា បញ្ហានៃជម្លោះព្រំដែននេះ នឹងត្រូវបានដោះស្រាយដោយសន្តិវិធី៕

