ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ណែនាំក្រុមការងារបន្តគាំទ្រ ការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព

ត្បូងឃ្មុំ ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំគ្រប់ថ្នាក់ និងអាជ្ញាធរ បន្តពង្រឹងការឆ្លើយតបនិងបម្រើប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តត្បូងឃ្មុំ ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព៖ សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់បទល្មើស ដូចជាការលុបបំបាត់អំពើល្មើសគ្រឿងញៀន ល្បែងស៊ីសង និងអនឡាញស្កែម (Online Scam)។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានថ្លែងជំរុញទៅដល់ក្រុមការងារនិងរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ថ្នាក់ ខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេសពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ដោយត្រូវលុបបំបាត់ឱ្យអស់ នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង រួមគ្នាលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ (Online Scam), និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធានាថាការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លើសពីនេះ លោករដ្ឋមន្រ្តី បានថ្លែងជំរុញលើកទឹកចិត្តរៀបចំគម្រោង អភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ខេត្តត្បូងឃ្មុំ ដើម្បីទទួលអ្នកវិនិយោគ និងទេសចរណ៍ តាមរយៈរៀបចំផែនការមេ ទៅតាមសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងភូមិសាស្រ្ត ឱ្យមានលក្ខណៈគ្រប់គ្រាន់។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខដឹកនាំ សម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕

To Top