ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ គ្រប់មេដឹកនាំ លើពិភពលោក ចង់ឃើញការដោះស្រាយ ព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា គ្រប់មេដឹកនាំ និងឥស្សរជននៃបណ្តាប្រទេសនានា លើពិភពលោកសុទ្ធ តែបានបង្ហាញការគាំទ្រជំហរសន្តិភាព និងចង់ឃើញដំណោះស្រាយ ដោយសន្តិវិធីរវាងកម្ពុជា-ថៃ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា គ្រប់មេដឹកនាំនិងឥស្សរជន នៃបណ្តាប្រទេសលើពិភពលោកក៏ដូចជា ថ្នាក់ដឹកនាំនៃស្ថាប័នអន្តរជាតិទាំងអស់ សុទ្ធតែបានបង្ហាញ ការគាំទ្រជំហរសន្តិភាព និងចង់ឃើញដំណោះស្រាយ ដោយសន្តិវិធីស្របតាមគោលការណ៍ច្បាប់អន្តរជាតិជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ។

លោកបញ្ជាក់ថា “ពោលគឺជំហររបស់សហគមន៍អន្តរជាតិស្របគ្នាទាំងស្រុង ជាមួយជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសហគមន៍អន្តរជាតិ ក៏បានយល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជា”។

អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានរំលឹកឡើងវិញថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទើបតែបានបញ្ចប់បេសកកម្មការទូត នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន ។

លោក ប៉ែន បូណាបន្តថា ក្រៅពីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្ថានការណ៍វិវត្តន៍នៅព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើងយ៉ាងទូលំទូលាយពោលគឺ ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃនៅតំបន់មួយចំនួន និងការដាក់បន្លាលួស ទូរកុងតឺន័រ ដោយបានរារាំងពលរដ្ឋស៊ីវិលកម្ពុជា ច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ត្រូវបានសហគមន៍អន្តរជាតិដឹងលឺ៕

To Top