រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និង ឯកអគ្គរដ្ឋទូតកូរ៉េ អញ្ជើញបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ នៅខេត្តតាកែវ
តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និង លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ ដែលស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ជាកិច្ចចាប់ផ្តើម លោក ទុយ សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការរីកចម្រើន និងសមិទ្ធផលដែលសម្រេចបាននានានៅក្នុងខេត្តតាកែវ។

បន្ទាប់មក លោក Kim Doohwan ប្រធានក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង បានធ្វើរបាយការណ៍នៃការអនុវត្តគម្រោងជូនដល់អង្គពិធី ។
ជាមួយគ្នានោះ លោក Kwon Young Jun អគ្គនាយកនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) បានថ្លែងនូវចំណាប់អារម្មណ៍ដោយបានបញ្ជាក់ជូនថា សាជីវកម្មសហគមន៍ជនបទកូរ៉េ នឹងយកជំនាញបច្ចេកទេស និងបទពិសោធន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកូរ៉េ ដើម្បីសាងសង់មជ្ឈមណ្ឌលនៅក្នុងខេត្តតាកែវ ដោយបំពាក់នូវគ្រឿងបរិក្ខារប្រកបដោយគុណភាពខ្ពស់។

ក្នុងឱកាសនោះដែរ លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញមានចំណាប់អារម្មណ៍ដោយបានចែករំលែកនូវបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច របស់សាធារណរដ្ឋកូរ៉េ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍជនបទ ជាមួយនិងការប្ដេជ្ញាយ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េ នឹងធ្វើដំណើរជាមួយប្រទេសកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន ក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ និងភក្តីភាព ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលានោះ លោក ឆាយ ឫទ្ធិសែន បានសម្តែងការអបអរសាទរជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្ត និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីការអភិវឌ្ឍ និងការរីកចម្រើននានាលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នានីតិកាលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអភិវឌ្ឍតំបន់ជនបទនៅទូទាំងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនក្នុងសន្ទុះយ៉ាងលឿន តាមរយៈការអនុវត្តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួង ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ សហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការបង្កើតនិងគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ជនបទ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅសហគមន៍ជនបទ ដើម្បីលើកស្ទួយគុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់សហគមន៍ជនបទ។ ជាក់ស្ដែង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ដើម្បីការអភិវឌ្ឍធនធានមនុស្សនិងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា នេះ គឺជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ហើយនឹងក្លាយជា មជ្ឈមណ្ឌលនវានុវត្តន៍ថ្មី ដែលនឹងផ្លាស់ប្តូរគំរូស្តង់ដារនៃវិស័យជនបទ និងកសិកម្មនៅកម្ពុជា។

ជាចុងក្រោយ លោករដ្ឋមន្ដ្រី និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូត ព្រមទាំងគណៈអធិបតី បានអញ្ជើញបញ្ចុះបឋមសិលា ជានិមិត្តរូបនៃការបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ជាផ្លូវការ ៕
