ព័ត៌មានជាតិ

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិ១០០% ដល់ក្រុមវិនិយោគិន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានផ្ដល់នូវកម្មសិទ្ធិ១០០% ដល់ក្រុមវិនិយោគទាំងជាតិ និងអន្តរជាតិស្ទើរ តែគ្រប់វិស័យទាំងអស់នៅកម្ពុជា ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងក្របខណ្ឌតំបន់កម្ពុជា បានរៀបចំខ្លួន ជាស្រេចធ្វើជាដៃគូ នៅក្នុងចំណោម ប្រទេស ជាសមាជិកអាស៊ាន ។ ក្នុងនោះ កម្ពុជាបានផ្តល់នូវអត្ថប្រយោជន៍ ជាយុទ្ធសាស្រ្តដ៏ អស្ចារ្យសម្រាប់វិនិយោគិន ដោយមានកំណើន ៥,២%ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករថា នឹងបន្តសម្រេចកំណើន រឹងមាំដែលផ្តល់កាលានុវត្តភាព សម្រាប់ធុរកិច្ច និងវិនិយោគ។
សម្តេចធិបតី មានប្រសាសន៍បន្តថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ កម្ពុជា បានធ្វើឱ្យដំណើរការខាង ធុរកិច្ចដើរដោយរលូននូវប្រព័ន្ធពន្ធគយ ។

ដោយសម្តេចធិបតី មានប្រសាសន៍គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការអនុញ្ញាត ឱ្យជនបរទេសមានភាគហ៊ុន១០០% នៅក្នុងស្ទើរតែគ្រប់វិស័យទាំងអស់ ដោយមិនចាំបាច់មាន តម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា “ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់នូវកម្មសិទ្ធិ១០០% ដល់វិនិយោគិន និងផ្តល់ឌីជីថលលូបនីយកម្ម និងនីតិវិធី យើងប្តេជ្ញាចិត្តក្នុងរបៀបវារៈធុរកិច្ច និងកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿន ទៅកាន់ទីផ្សារឱ្យបានអតិបរមា”។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តគម្រោង បដិវត្តជំនាញដ៏ធំមួយ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាល TVET សម្រាប់យុវជន១,៥លាននាក់ ដោយសហការជាមួយក្រុមហ៊ុន ឧស្សាហកម្មឈានមុខធំៗជាច្រើន ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍អះអាងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភាជាតិបានផ្តោតជាសំខាន់ លើការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ ។ ដោយកម្ពុជាបានអភិវឌ្ឍន៍ ពីផលិតកម្មមានតម្លៃទាប ឆ្ពោះទៅរកមជ្ឈមណ្ឌល ពាណិជ្ជកម្មបៃតង អាស៊ានសម្រាប់សាជីវកម្មអន្តរជាតិ ក្នុងការអនុលោម ទៅតាមយន្តការនៃការប្រែប្រួលតំបន់៕

To Top