ពលរដ្ឋខ្មែរ នៅបណ្តាប្រទេស មជ្ឈិមបូព៌ា មានសុវត្ថិភាពទាំងអស់គ្នា
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ កំពុងមានវត្តមាន នៅតាមបណ្តាប្រទេសមជ្ឈិមបូព៌ា មានសុខសុវត្ថិភាពទាំងអស់គ្នា ទោះបីជាកំពុងមានសង្គ្រាមផ្ទុះឡើងក៏ដោយ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណាបានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល បណ្តាស្ថានឯកអគ្គរាជទូតកម្ពុជា ទាំងអស់ ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេស នៅមជ្ឈិមបូព៌ា បានទទួលការណែនាំឱ្យ ប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទង ដើម្បីសម្របសម្រួល ក្នុងករណីមានអាសន្ន ។
លោកបន្តថា ថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ា។ លោកថា រហូតមកដល់ពេលនេះ ពួកគេមានសុវត្ថិភាព និងស្ថិតក្រោមការតាមដានជាប្រចាំពីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំបណ្តាប្រទេសទាំងនោះ។
សូមបញ្ជាក់ថា នៅប្រទេសអ៊ីស្រាអែល មាននិស្សិតខ្មែរសរុបចំនួន ២៣៩នាក់ កំពុងសិក្សានៅទីនោះ ។ ចំណែកឯនៅប្រទេសគូវ៉ែត មាននិស្សិតខ្មែរ ២៧នាក់។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងធ្វើការ ឬធ្វើដំណើរកម្សាន្ត ក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ៕
