ក្រសួងការងារ ដែលជាអាណាព្យាបាល បច្ចេកទេស បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានក្លាយជាសមាជិកផ្លូវការ នៃអង្គការអន្តរជាតិ សម្រាប់ស្ថាប័នត្រួតពិនិត្យ សោធននិវត្តន៍ (IOPS) នៅទីក្រុងប៉ារីស
ប៉ារីស ៖ លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំរួមគ្នា របស់ក្រុមការងារ សម្រាប់កិច្ចការធានារ៉ាប់រង និងសោធននិវត្តន៍ (WPIP) និងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យ សោធននិវត្តន៍ (IOPS)។ ពិធីនេះត្រូវបានរៀបចំឡើង ក្នុងអំឡុងសប្តាហ៍ទីផ្សារហិរញ្ញវត្ថុ របស់អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) នៅទីស្នាក់ការកណ្តាលនាទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីតំណាង ស្ថាប័នជាសមាជិកមកពី ៧០ ប្រទេសជុំវិញពិភពលោក និងប្រតិភូសរុបប្រមាណ ៣០០នាក់ ។

លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នអន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអាណាព្យាបាលបច្ចេកទេសរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការ IOPS ពិនិត្យ និងសម្រេចឱ្យចូលជាសមាជិកភាពជាផ្លូវការ (Governing Membership Status) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ។ លោកបណ្ឌិត គូសបញ្ជាក់ថា សមិទ្ធផល នៃសមាជិកភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធ សន្តិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការសិក្សាឈ្វេងយល់ពីបទពិសោធ របស់បណ្តាប្រទេសនានា រួមមានអភិបាលកិច្ច លើការគ្រប់គ្រង និងការបែងចែកការ វិនិយោគមូលនិធិសន្តិសុខសង្គម ការផ្តល់អត្ថប្រយោជន៍ដល់សមាជិក និងជាពិសេសគឺការអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ឱ្យមានប្រសិទ្ធភាព ស្របតាមបរិបទ នៃការវិវត្តសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ក៏ដូចជាពិភពលោក។

ជាមួយគ្នានេះ លោកបណ្ឌិត បានបន្ថែមថា នៅក្នុងដំណើរការ នៃកិច្ចប្រជុំនេះ ក្រុមការងារ WPIP និងអង្គការ IOPS បានពិភាក្សាយ៉ាងស៊ីជម្រៅ លើការរៀបចំគោល នយោបាយ និង បទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រាក់សោធនផ្អែកលើទ្រព្យសកម្ម ការធ្វើបច្ចុប្បន្នភាពលើការសិក្សាស្រាវជ្រាវ ការចែករំលែកបទពិសោធលើការ អនុវត្តរបបភាគទាន សន្តិសុខសង្គម រួមទាំងការដោះស្រាយបញ្ហាចាំបាច់ នានាមុនពេលឈានដល់សន្និបាតបូក សរុបប្រចាំឆ្នាំ ។

ទន្ទឹមហ្នឹងនេះ កិច្ចប្រជុំក៏បានពិនិត្យលើផែនការ សម្រាប់ព្រឹត្តិការណ៍ នាពេលអនាគត រវាងសមាជិក របស់អង្គការ IOPS និង OECD ដើម្បីបន្តជំរុញវិស័យសន្តិសុខសង្គម ឱ្យកាន់តែមានការរីកចម្រើនជាលំដាប់ផងដែរ ៕



