ព័ត៌មានជាតិ

កម្ពុជា មានកាតព្វកិច្ច មិនត្រឹមតែបោស សម្អាតមីនប៉ុណ្ណោះទេ ថែមទាំងថែទាំដល់ជនរងគ្រោះ ឱ្យរស់នៅប្រកបដោយសេចក្តីថ្លែថ្នូរ

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជា មានកាតព្វកិច្ចមិនត្រឹមតែបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថែទាំនិងគាំទ្រ ដល់ជនរងគ្រោះឱ្យរស់នៅ ប្រកបដោយសេចក្តីថ្លែថ្នូរ។

ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ នាឱកាសអនុញ្ញាតឱ្យលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងលោក Rejib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion (H&I) ចូលជួបសម្ដែងការគួរសម នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើជំនួយជនរងគ្រោះ និងផ្លាស់ប្តូរយោបល់ ស្តីពីការបង្កើតគោលការណ៍ ណែនាំជាតិសម្រាប់ជំនួយជនរងគ្រោះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និង កោតសរសើរដល់ មជ្ឈមណ្ឌល ARMAC ចំពោះភាពជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងកិច្ចការសម្របសម្រួល វិស័យសកម្មភាពមីនទាំងនៅកម្ពុជា និងថ្នាក់តំបន់។

លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អង្គការ H&I សម្រាប់ភាពជាដៃគូយូរអង្វែង ជាមួយកម្ពុជា និងបន្តគាំទ្រដល់វិស័យសកម្មភាពមីន និងកម្មវិធីសង្រ្គោះជន មានពិការភាពនៅកម្ពុជា ក្នុងនោះរួមទាំងការស្តារកាយសម្បទា ថែទាំសុខភាពផ្លូវចិត្ត ការធ្វើចលនា និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស ជាដើម។

លោកទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ជនមានពិការភាពនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កំណត់យ៉ាងច្បាស់ក្នុងច្បាប់ និងយុទ្ធសាស្រ្តជាតិ ដើម្បីធានាសិទ្ធិ សមភាព និងការចូលរួមពេញលេញក្នុងសង្គម។

លោកទេសរដ្ឋមន្រ្តី បន្ដថា «ដោយឡែកពាក់ព័ន្ធនឹងជន មានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកជាផ្នែកមួយសំខាន់នៃគោលនយោបាយជាតិវិស័យសកម្មភាពមីន និងគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើ ការថែទាំ ស្តារសម្បទា និងការរួមបញ្ចូលពេញលេញក្នុងសង្គម ដែលក្នុងនោះ កម្ពុជា មានកាតព្វកិច្ចមិនត្រឹមតែបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប៉ុណ្ណោះទេ ប៉ុន្តែការថែទាំ និងគាំទ្រដល់ជនរងគ្រោះ គ្រួសារ និងសហគមន៍ ឱ្យរស់នៅប្រកបដោយសេចក្តីថ្លែថ្នូរ»៕

To Top