សាស្ត្រាចារ្យ ឈាង រ៉ា ៖ មន្រ្តីសុខាភិបាល ការរក្សាទឹកចិត្តរីករាយកបម្រើសេវា ពិតជាសំខាន់
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ាបានលើកឡើងថា ការរក្សាបាននូវទឹកចិត្តរីករាយ និងស្មារតីមុះមុត ក្នុងការបម្រើសេវាសុខាភិបាល របស់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ គឺពិតជា សំខាន់នៅគ្រប់កាលៈទេសៈ។

ក្នុងឱកាសអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកយកចំណុចមួយចំនួនមកឆ្លុះបញ្ចាំង ចែករំលែកជូនថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីសុខាភិបាលទាំងអស់ យកទៅធ្វើការពិចារណា និងរៀបចំយន្តរការ ដើម្បីបង្ការទប់ស្កាត់ កុំឱ្យភាពអសកម្មណាមួយអាចកើតមាន បានដោយការធ្វេសប្រហែស ក្នុងការបម្រើសេវា។

សាស្រ្តាចារ្យ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ យកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍ជាតិឱ្យទៅជាសកម្មភាពជាក់ស្តែង នៅតាមមូលដ្ឋានសុខាភិបាល។

លោកបន្តថា ថ្នាក់ដឹកនាំទាំងអស់ត្រូវចូលរួមធ្វើជាគំរូល្អ និងត្រូវជំរុញមន្រ្តីសុខាភិបាលមានទឹកចិត្តរីករាយនិងស្មារតីមុះមុតក្នុងការបំរើសេវាជូនប្រជាជន ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកពាក្យគន្លឹះនៃពាក្យឥទិ្ធពលមកធ្វើការវែកញែកចែករំលែកទៅដល់មន្រ្តីសុខាភិបាល នឹងណែនាំឱ្យថ្នាក់ដឹកនាំបានដឹងពីប្រភពរបស់ឥទ្ធិពល ដែលកើតចេញពីសកម្មភាពរបស់បុគ្គលដែលមានសុច្ចរិតភាព មានគណនេយ្យភាព មានវិន័យ មានភាពម្ចាស់ការ និងភាពស្អាតស្អំនៅក្នុងការបំពេញការងារឱ្យចេញជាសមិទ្ធផលវិជ្ជមាន៕



