ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី សហការគ្នារៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ការអភិវឌ្ឍភូមិនៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានសហការគ្នា រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអភិវឌ្ឍភូមិនៅកម្ពុជា ដែលមានការអញ្ជើញ ចូលរួមក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

នៅក្នុងដំណើរការ នៃអង្គសិក្ខាសាលានាឱកាសនោះ រួមមានការធ្វើបទបង្ហាញ អំពីការអភិវឌ្ឍភូមិគំរូនៅកម្ពុជា លទ្ធផលស្រាវជ្រាវស្តីពីការវិភាគ និងធ្វើចំណាត់ថ្នាក់អភិវឌ្ឍន៍ភូមិនៅទូទាំងប្រទេសកម្ពុជា ការធ្វើបទបង្ហាញស្តីពីលំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទ និងបទបង្ហាញស្តីពី ទស្សនាទានឆ្ពោះទៅការរៀបចំបុរីជនបទ ដោយវាគ្មិននៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមបញ្ជាក់ជូនផងដែរថា សិក្ខាសាលានេះមានគោលបំណង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ ផ្អែកលើបរិមាណ នៃការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលកន្លងមក និងស្វែងយល់អំពីបទពិសោធន៍ល្អៗនៃការងារអភិវឌ្ឍភូមិ ដើម្បីជ្រើសរើសជា “ភូមិគំរូ” ព្រមទាំងដើម្បីអាចរៀបចំផែនការយុទ្ធសាស្រ្ត រួមគ្នាក្នុងការអភិវឌ្ឍនៅតំបន់ជនបទ ឱ្យកាន់តែលឿនថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០៕


