ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរី នឹងខិតខំសម្រេចឱ្យបាន នូវទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ នៅពេលខាងមុខ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹង ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ថា សម្ដេចតេជោបានសម្ដែងការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិ របស់លោកជំទាវជាឯកអគ្គរដ្ឋទូត ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-សិង្ហបុរី។

សម្ដេចតេជោបានលើកឡើងអំពីទំហំពាណិជ្ជកម្ម រវាងកម្ពុជា-សិង្ហបុរី ដែលមានការកើនឡើង និងមានការពេញចិត្តដែលពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង ដល់ជាង៥ពាន់លានដុល្លារ ។

អ្នកនាំពាក្យបញ្ជាក់ថា “សម្ដេចសង្ឃឹមថា រដ្ឋាភិបាល នៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងនិងដាក់គោលដៅបន្តទៀត ធ្វើយ៉ាងណាសម្រេចឱ្យបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់នេះ” ។
បើតាមអ្នកនាំពាក្យ សម្ដេចតេជោ បានចាត់ទុកថា ទំនាក់ទំនងនយោបាយ ការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ រវាងប្រទេសទាំងពីរ គឺជារឿងដ៏ចាំបាច់ ដែលជាផ្នែកក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជា-សិង្ហបុរីឱ្យមានភាពល្អប្រសើរ។

ចំណែក លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី បានអរគុណ ចំពោះសម្ដេចតេជោដែលបានចែករំលែកមេរៀន និងទស្សនទានដ៏ល្អៗ ដែលលោកជំទាវ បានហៅសម្ដេចតេជោថា ជារដ្ឋបុរសរបស់កម្ពុជា។ លោកជំទាវបានលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា និងកត្តាសុខសន្តិភាព ដែលលោកជំទាវបានហៅប្រទេសកម្ពុជាថា ជាប្រទេសដ៏អស្ចារ្យ៕



