ព័ត៌មានជាតិ

អនុព័ន្ធយោធាបរទេស១២ប្រទេស ចុះពិនិត្យទីតាំងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់ថា ទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់នេះ ទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ កាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ។ ក្នុងនោះ អនុព័ន្ធយោធាបរទេសទាំង ១២ប្រទេសនេះ ក៏ពិនិត្យស្ថានការណ៍ នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ចាប់តាំងពីពេលចូលជាធរមាន នៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និង អនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

To Top