ក្រសួងទេសចរណ៍ និងក្រសួងការបរទេស រួមគ្នាផ្សព្វផ្សាយកិត្តិនាមកម្ពុជា និងសក្តានុពលទេសចរណ៍ ទៅកាន់ពិភពលោក តាមរយៈស្ថានទូត
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បន្តនិងបង្កើនសហប្រតិបត្តិការរួមគ្នា ក្រោមអភិក្រមជវភាព នៃតួអង្គតែមួយ ផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកតាមរយៈស្ថានទូត និងស្ថានកុងស៊ុលកម្ពុជានៅបរទេសទាំងអស់ ។

ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ អំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការអនុញ្ញាតពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបលោក លោកស្រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ លោក លោកស្រីអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេសចំនួន៤៣ រូប ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ក្នុងគោលដៅផ្សព្វផ្សាយកិត្តិនាមកម្ពុជា លើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍។

កិច្ចពិភាក្សាបានផ្លាស់ប្តូរ មតិយោបល់ស៊ីជម្រៅ លើយុទ្ធសាស្រ្តថ្មីៗ ទាក់ទាញ និងបង្កើតភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួល ភូមិសាស្រ្តនយោបាយ ដ៏ឆាប់រហ័ស ស្មុគស្មាញ និងមិនអាចប៉ាន់ស្មាននាពេលបច្ចុប្បន្ន សំដៅទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ), វប្បធម៌ប្រពៃណី, សាសនា, ម្ហូបអាហារ, ស្នាមញញឹមកម្ពុជា, ភាពជាខ្មែរ សុទ្ធសឹងជាអត្តសញ្ញាណរបស់កម្ពុជា រួមទាំងកាលានុវត្តភាពវិនិយោគដ៏ខ្លាំងក្លាពីកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយល្អប្រសើររបស់កម្ពុជា៕








