លោក ឃួង ស្រេង ៖ កុំគោរពនិងលើកកម្ពស់ស្ត្រី ត្រឹមតែមួយថ្ងៃ៨មីនា គឺត្រូវគោរព និងលើកកម្ពស់ស្ត្រី ជារៀងរហូតនិងជាប្រចាំ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បុរសគ្រប់រូប កុំគោរពនិងលើកកម្ពស់ស្ត្រី ត្រឹមតែមួយថ្ងៃ៨មីនា គឺត្រូវគោរព និងលើកកម្ពស់ស្ត្រី ជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាង ដើម្បីសង្គមជាតិ សង្គមគ្រួសារ និងបានប្តូជីវិត ដើម្បីបង្កើតកូនក្នុងគ្រួសារ។

ការលើកឡើងរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា ជានិច្ចជាកាល តែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ដឹកនាំក្រសួងស្ថាប័នផងដែរ។

បន្ថែមលើនេះ លោក ឃួង ស្រេង ក៏លើកឡើងថា ក្នុងសង្គ្រាមជាមួយថៃ ស្ត្រីកម្ពុជា បានជួយយ៉ាងច្រើន ទាំងនៅជួរមុខនិងនៅជួរក្រោយ ដោយស្ត្រីបានផ្សព្វផ្សាយពីព័ត៌មានពិតនៅកម្ពុជា ដែលទាហានថៃឈ្លានពានទឹកដីកម្ពុជា ឱ្យអន្តរជាតិបានដឹង។ ស្រ្តីកម្ពុ ជាក៏ជាវីរៈនារី ការពារទឹកដី ដោយជួយប្តីជាទាហានជួរមុខ បាញ់តបត ជាមួយទាហានថៃ ដើម្បីការពារទឹកដី។ ស្ត្រីក្រៅពីលះបង់ប្តីទៅសមរភូមិមុខ ខណៈពួកគាត់នៅជួរក្រោយ ក៏បានជួយឧបត្ថមដល់កងទ័ពជួរមុខ និងមើលថែទាំអប់រំកូន ចៅនៅក្នុងគ្រួសារថែមទៀត បើគ្មានស្ត្រី បុរសពិតជាជួបការលំបាក។

ជាមួយគ្នានេះ លោកអភិបាលរាជធានី បានគួសបញ្ជាក់ទៀតថា ខ្មែរយើង បានលើកកម្ពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារី តាំងពីសម័យបុព្វកាលមកម្លេះតាមរយៈ ពាក្យពេជន៏ អក្សរសាស្ត្រ ភាសារក្នុងការងារសង្គមដូចជា៖ មេភូមិ, មេទ័ព, មេក្រុម,មេដំបូល, មេគ្រួសារ, មេឃុំ, មេស្រុកជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ឱកាស ផ្តល់ការងារដល់បងប្អូននារី ឱ្យមានឱកាសចូលប្រឡូកគ្រប់សកម្មភាពសង្គម ទាំងនយោបាយ,សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ជាដើម ឱ្យមានសមភាពយេនឌ័រជាមួយបុរស។

សូមគួរបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ និងឯកឧត្ដមម៉ប់ សារិន និងលោកជំទាវបានផ្តល់អំណោយលើកទឹកចិត្តដល់ បងប្អូននារីចំនួន២៦៦នាក់ ដែលជាអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតផងដែរ៕










