រដ្ឋមន្ត្រី ហេង សួរ ចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស និងការធ្វើបរិវត្តកម្មប្រព័ន្ធ TVET របស់កម្ពុជា ឆ្លើយតបតម្រូវការឧស្សាហកម្ម និងការវិវត្តនៃបច្ចេកវិទ្យា
ភ្នំពេញ៖ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុង «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦» ក្រោមប្រធានបទ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប» ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្ស គឺជាការវិនិយោគលើផលចំណេញរួមនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យរដ្ឋាភិបាល វិស័យឯកជន និងដៃគូពាក់ព័ន្ធក្នុងតំបន់អាស៊ាន ពង្រឹងកិច្ចសហការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យបានរឹងមាំ ដើម្បីធានាបាននូវភាពប្រកួតប្រជែង កំណើនប្រកបដោយបរិយាបន្ន និងការឆ្លើយតបយ៉ាងរហ័សទៅនឹងតម្រូវការឧស្សាហកម្មទំនើប។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានរំលេចពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាស្នូល។ ជាក់ស្តែង ផ្អែកលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤–២០២៨ ក្រសួងកំពុងជំរុញយ៉ាងសកម្មនូវគោលការណ៍ «ពលរដ្ឋម្នាក់ទទួលបានយ៉ាងហោចណាស់ជំនាញមួយសម្រាប់ជីវិត និងគ្មាននរណាម្នាក់ត្រូវបានទុកចោល»។

លោកក៏បានគូសបញ្ជាក់ថា កម្ពុជាផ្តល់ជូនវិនិយោគិននូវកម្លាំងពលកម្មវ័យក្មេង សកម្ម និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលត្រូវបានគាំទ្រដោយប្រព័ន្ធបណ្តុះបណ្តាលជាតិដ៏រីកចម្រើន និងការប្តេជ្ញាចិត្តរឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ TVET និងពង្រីកមូលនិធិអភិវឌ្ឍជំនាញ។

តាមរយៈការវិនិយោគយុទ្ធសាស្ត្រលើ TVET កម្មវិធីបណ្តុះបណ្តាលជាតិ រួមទាំងកម្មវិធី TVET 1.5M និងកិច្ចសហការជាមួយឧស្សាហកម្ម កម្ពុជាបានកសាងកម្លាំងពលកម្មដែលមានសមត្ថភាពគាំទ្រឧស្សាហកម្មផលិតកម្មសម័យទំនើប វិស័យសេវាកម្ម និងឧស្សាហកម្មកំពុងកើតមានថ្មីៗ។ ជាមួយនឹងប្រជាជនវ័យធ្វើការច្រើន ប្រព័ន្ធបណ្តុះបណ្តាលបត់បែន និងមូលនិធិអភិវឌ្ឍជំនាញដែលបានបែងចែកថវិកាច្បាស់លាស់ កម្ពុជាផ្តល់ជូនវិនិយោគិនទាំងកម្លាំងពលកម្មដែលអាចប្រើប្រាស់ភ្លាមៗ និងសមត្ថភាពអភិវឌ្ឍធនធានមនុស្សរយៈពេលវែងយ៉ាងរឹងមាំ៕











