ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តដល់វិនិយោគិន ឱ្យចាប់យកកាលានុវត្តវិនិយោគនៅកម្ពុជាឱ្យបានឆាប់រហ័ស
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យចាប់យកកាលានុវត្តវិនិយោគនៅកម្ពុជា ឱ្យបានឆាប់រហ័ស ខណៈរាជរដ្ឋាភិបាលគាំទ្រវិស័យឯកជន និងកម្លាំងពលកម្មវ័យក្មេង។

ថ្លែងក្នុងសុន្ទរកថាគន្លឹះ និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នាថ្ងៃទី៤ មីនា នេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការកាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រីកឱកាសសម្រាប់សហគ្រាស និងការប្រែក្លាយភូមិសាស្ត្រទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ច។

លោក បានគូសបញ្ជាក់ថា ការតភ្ជាប់ត្រូវតែមានវិសាលភាពលើសពីត្រឹមតែចម្ងាយផ្លូវ ដោយត្រូវប្រែក្លាយទៅជាការតភ្ជាប់ពហុមធ្យោបាយ ការតភ្ជាប់ដោយរលូនតាមបច្ចេកវិទ្យាឌីជីថល និងដោយមានការគាំទ្រពីថាមពលប្រកបដោយនិរន្តរភាព។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងនាមជារដ្ឋសមាជិកអាស៊ាន ក្នុងការលើកកម្ពស់កត្តាសំខាន់ៗទាំងនេះជាបន្តបន្ទាប់។ សមិទ្ធផលសំខាន់ៗរួមមាន ការអនុម័តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣, ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបនឹងបើកដំណើរការថ្មីៗនេះ ក៏ដូចជាគម្រោងកំពុងដំណើរការដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លើសពីនេះ លោក បានលើកឡើងពីការពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មឆ្នាំ២០២៥ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានទទួលស្គាល់ការអនុវត្តពេញលេញរបស់កម្ពុជាលើការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យចាប់យកកាលានុវត្តវិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្មវ័យក្មេងនិងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែលកត្តាទាំងនេះបានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល៕
