អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់កម្លាំង មានសមត្ថកិច្ច ត្រូវចាប់ជនណា ដែលបានបង្ក គ្រោះថ្នាក់ចរាចរណ៍ ដោយមិនឱ្យរួចខ្លួនឡើយ
កណ្ដាល ៖ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល បានដាក់បទបញ្ជា ដល់កម្លាំង មានសមត្ថកិច្ច គ្រប់ថ្នាក់ ត្រូវចាប់ជនណា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ មកផ្ដន្ទាទោស តាមច្បាប់កំណត់ មិនឱ្យរួចខ្លួនជាដាច់ខាត។

លោក អភិបាលខេត្ត បន្ដថា ការដាក់បញ្ជានេះ ដើម្បីទុកជាការក្រើនរំលឹក ដល់អ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា សំដៅរួមគ្នាកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល ជាងនេះទៅទៀត កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ រៀបចំកោនសាជីចរាចរណ៍នៅមុខ ផ្លូវសាលារៀន ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ របស់សិស្សានុសិស្សចេញចូលសាលារៀន និងការពារគ្រោះថ្នាក់ចរាចរណ៍ ដល់សិស្សានុសិស្សផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្ក្រាប និងចុះពីត្រួតពិនិត្យទីតាំងដែលសង្ស័យថា មានបទល្មើស scam online ក្នុងមូលដ្ឋានខេត្តកណ្តាល។

លោកអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់កម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំតាមដាន ត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ពិសេសត្រូវគ្រប់គ្រងទីតាំង ដែលបានត្រួតពិនិត្យរួច ដោយត្រូវធានាថា មិនមានបទល្មើស scam online កើតមានជាបន្តទៀត នៅទីតាំងនេះទៀតឡើយ ចំពោះវត្ថុតាងនានា ដែលបានរកឃើញ ត្រូវថែរក្សាទុកឱ្យបានល្អ ដើម្បីបញ្ជូនទៅតុលាការធ្វើការចាត់ចែងទៅតាមនីតិវិធីច្បាប់៕

