លោក ប៉ែន បូណា ៖ ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យ បច្ចេកវិទ្យាទំនើប
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិលោក ប៉ែន បូណា បានលើកឡើងថា ក្នុងយុគសម័យបច្ចុប្បន្ន ដែលបច្ចេកវិទ្យាព័ត៌មាន បានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុក ជាអាវុធយុទ្ធសាស្ត្រ ដ៏មានសារសំខាន់បំផុត ដែលមិនអាចមើលស្រាលបានឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិន ក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រង សាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូ បានថ្លែងថា សមត្ថកិច្ច និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយបានលះបង់ ពេលវេលា កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ ដោយគ្មានពេលសម្រាកថ្ងៃបុណ្យ ឬថ្ងៃចុងសប្តាហ៍ឡើយ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ដូច្នេះ គុណតម្លៃទាំងនេះ គួរត្រូវបានបង្ហាញ ឱ្យប្រជាពលរដ្ឋបានយល់ដឹង យ៉ាងទូលំទូលាយតាមរយៈការផ្សព្វផ្សាយជាបុរេសកម្ម និងប្រកបដោយប្រសិទ្ធភាព ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម័យទំនើប។

លោក ប៉ែន បូណា បន្តថា ទន្ទឹមនឹងនោះដែរ ការឆ្លើយតបយ៉ាងសកម្ម ចំពោះព័ត៌មាន មិនគ្រប់ជ្រុងជ្រោយ ព័ត៌មានក្លែងក្លាយ និងការបំផ្លើសបំភ្លៃនានា តែហ៊ានទទួលស្គាល់ព័ត៌មានពិត គឺជាការងារចាំបាច់ ដែលត្រូវធ្វើដំណាលគ្នា ដើម្បីរក្សាទំនុកចិត្ត របស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច ។

ក្នុងន័យនេះ លោកបានថ្លែងកោតសរសើរ ចំពោះក្រុមការងារព័ត៌មាន និងនាំពាក្យរបស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានធ្វើការងារនេះបានយ៉ាងល្អ ។ ឯកឧត្តមក៏បានចែករម្លែកគន្លឹះសំខាន់ៗជាច្រើនដល់សិក្ខាកាម ដើម្បីយល់ដឹងបន្ថែមពីព័ត៌មាននិងសាធារណមតិ៕



