ក្រសួងឧស្សាហកម្ម និង អគ្គលេខាធិការដ្ឋានអាស៊ាន ជំរុញនវានុវត្តន៍តំបន់ និងសមាហរណកម្មសហគ្រាស ធុនមីក្រូ តូច និងមធ្យម
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានទទួលជួប លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។
លោក ហែម វណ្ណឌី បានរំលេចកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសហការជិតស្និទ្ធ ជាមួយអាស៊ាន ដើម្បីគាំទ្រឧស្សាហូបនីយកម្ម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់ ។ លោក បានលើកឡើងថា «កម្ពុជាទទួលបានអត្ថប្រយោជន៍ជា ច្រើនពីក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការអាស៊ាន ហើយយើងបន្តខិតខំជំរុញ គំនិតផ្តួចផ្តើមនានា ដើម្បីអភិវឌ្ឍ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គុណភាពជាតិ និងសមាហរ័ណសហគ្រាសធុនមីក្រូ តូច និងមធ្យមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់»។
លោក រដ្ឋមន្ត្រី ក៏បានលើកឡើង ពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចាកចេញពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួច និងសារសំខាន់ នៃសុខដុមនីយកម្មស្តង់ដាអាស៊ាន ដើម្បីកាត់បន្ថយរបាំងបច្ចេកទេស ចំពោះពាណិជ្ជកម្ម។
លោកបណ្ឌិត កៅ គឹមហួន បានលើកឡើងថា នេះជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្មី រយៈពេល១០ឆ្នាំរបស់អាស៊ាន ហើយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាន់តែមានសារសំខាន់ នៅក្នុងបរិវត្តកម្មសេដ្ឋកិច្ចតំបន់។
លោក បានបន្ថែមថា «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានតួនាទីគន្លឹះក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសក្នុងការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃអាស៊ាន និងសកល»។
លោក អគ្គលេខាធិការអាស៊ាន ក៏បានរំលេចគំនិតផ្តួចផ្តើមតំបន់ថ្មីៗ រួមទាំងរបៀបវារៈបញ្ញា សិប្បនិម្មិតអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រទេសហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ព្រមទាំងសន្ទុះថ្មី នៃការជំរុញគម្រោងបណ្តាញអគ្គិសនីអាស៊ាន។
លោករដ្ឋមន្ត្រីបានចែករំលែកអំពីវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងសន្ទុះ នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបច្ចុប្បន្នកើនឡើង ដល់ប្រមាណ៣០ម៉ឺននាក់ និងអត្ថប្រយោជន៍ កាន់តែទូលំទូលាយ ដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន។
លោកបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តកម្ពុជា ឱ្យបន្តពង្រឹងភាពប្រកួតប្រជែង របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយបញ្ជាក់ថា ភាពជោគជ័យរបស់សហគ្រាសទាំងនេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់កំណើនសេដ្ឋកិច្ចតំបន់៕
