កម្ពុជាមិនទាន់មានសញ្ញាបង្ហាញថា រងផលប៉ះពាល់លើការផ្គត់ផ្គង់ប្រេង ទោះសង្គ្រាមកំពុងផ្ទុះមជ្ឈិមបូព៌ា
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល លោក កែវ រតនៈ បានអះអាងថា ទោះបីជាសង្គ្រាមកំពុងផ្ទុះឡើង នៅមជ្ឈិមបូព៌ាបង្ក ឱ្យមានការព្រួយបារម្ភជាសកលក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ប្រេងឥន្ទនៈ និងឧស្ម័ន មិនទាន់មានសញ្ញាណាមួយបង្ហាញថា កម្ពុជារងផលប៉ះពាល់នៅឡើយទេ ។
ក្រោយបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក កែ រតនៈបានប្រាប់ក្រុម អ្នកសារព័ត៌មានថា ប្រេងឥន្ទៈ និងឧស្ម័នជាង២០% ត្រូវបានចរាចរណ៍ឆ្លងកាត់តំបន់មជ្ឈិមបូព៌ា ពោលតាមច្រកសមុទ្រ Hormuz ខណៈថ្មីៗនេះ ប្រទេសអ៊ីរ៉ង់ បានគំរាមកំហែងបាញ់នាវាណាដែលឆ្លងកាត់តាមតំបន់នេះ ដែលនឹងប៉ះពាល់ភ្លាមៗតែម្តង ដល់ការផ្គត់ផ្គង់ប្រេងអន្តរជាតិទាំងមូល មិនមែនតែកម្ពុជានោះទេ ពោលទាំងអឺរ៉ុប, ចិន និងឥណ្ឌាជាដើម សុទ្ធតែប៉ះពាល់ ហើយទាំងអស់នេះ គឺជាអ្វីដែលជាការព្រួយបារម្ភរបស់ពិភពលោក ក៏ដូចជាការព្រួយបារម្ភរបស់កម្ពុជាផងដែរ ។
លោកកែវ រតនៈ បានពន្យល់ថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀតក្នុងតំបន់និងពិភពលោក គឺជាប្រទេសដែលនាំចូលថាមពល ជាពិសេសប្រេង និងឧស្ម័នតែម្តង ដែលកត្តានេះ នឹងនាំឱ្យតម្លៃប្រេង មានការហក់ឡើង ។
លោក កែវ រតនៈ មានប្រសាសន៍ថា “ចំពោះកម្ពុជា ក្នុងពេលខាងមុខនេះ យើងមិនទាន់ឃើញ មានសញ្ញាណាមួយដែលថា កម្ពុជាយើងនឹងរងផលប៉ះពាល់ បន្ទាន់ភ្លាមៗ ចំពោះបញ្ហាផ្គត់ផ្គង់ទេ ។ មានន័យថា ក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រេងឱ្យកម្ពុជាទាំងអស់ ហើយដែលភាគច្រើនជាក្រុមហ៊ុនបរទេសធំៗ ដូចជាក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនបារាំង ក្រៅពីនោះមានក្រុមហ៊ុនជាច្រើនទៀត ដែលកម្ពុជា ធ្វើជាដៃគូជាមួយ ។ ចឹងការផ្គត់ផ្គង់ នៅតែមានបន្ត គ្មានការរអាក់រអួលទេ” ។
តែយ៉ាងណាក៏ដោយរដ្ឋមន្ត្រី បង្ហាញការព្រួយបារម្ភជារួមថា បើទោះមិនប៉ះពាល់ជាមួយនឹងការផ្គត់ផ្គង់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែតម្លៃប្រេងឥន្ទៈ ក្នុងការនាំចូលមកកម្ពុជា និងមានការកើនឡើង ខណៈបច្ចុប្បន្នតម្លៃនៅមិនទាន់មានការប្រែប្រួល ក៏ប៉ុន្តែនឹងអាចមានការហក់ឡើង នៅពេលដែលការនាំចូលប្រេងថ្មី (ស្តុកថ្មី) មកដល់ ។
បន្ថែមលើនេះ រដ្ឋមន្ត្រី កែវ រតនៈ គូសបញ្ជាក់ថា ដោយសារតែជាកង្វល់រួមរបស់ពិភពលោក រួមទាំងកម្ពុជាផងនោះ ទើបគ្រប់បណ្តាប្រទេសទាំងអស់ បានអំពាវនាវ ឱ្យគូភាគីក្នុងជម្លោះឆាប់ងាកទៅរកតុចរចា ដើម្បីរកសន្តិភាពឡើងវិញ ពីព្រោះសង្គ្រាមនឹងប៉ះពាល់ទាំងអស់គ្នា៕
