ព័ត៌មានជាតិ

សម្តេចតេជោ ៖ សមាជិកគណបក្សជម្រើសថ្មី អាល្លឺម៉ង់ កំពុងស្នាក់នៅកម្ពុជា នឹងឃើញភាពស្រស់ស្អាតកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជារំពឹងថា សមាជិកគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នឹងទទួលបានក្តីសប្បាយរីករាយ និងឃើញពីភាពស្រស់ស្អាតរបស់កម្ពុជា ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួប រវាងសម្តេចតេជោ និងលោក ភីតធឺ អាល់មែន សមាជិកក្រុមប្រឹក្សាភិបាល នៃគណបក្សជម្រើសថ្មី សម្រាប់អាល្លឺម៉ង់ (AfD) មូលដ្ឋាន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា សម្តេចតេជោ បានស្វាគមន៍លោក ភីតធឺ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។

អ្នកនាំពាក្យបន្តថា “សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ភីតធឺ នឹងទទួលបានក្តីសប្បាយរីករាយ ជាពិសេសបានទស្សនានូវភាពស្រស់ស្អាតក្នុងប្រទេសកម្ពុជា ជាពិសេសនឹងបានឃើញនូវទិដ្ឋភាព និងស្ថានភាពពិតរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ” ។

លោក ជា ធីរិទ្ធបន្ថែមថា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក ភីតធឺ បានថ្លែងថា លោកធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិសម្តេចតេជោ ឬឮឈ្មោះសម្តេចតេជោលើបណ្តាញផ្សព្វផ្សាយនៅតំបន់អឺរ៉ុប ជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់។ ប៉ុន្តែពេលនេះ លោកមានឱកាសបានជួបសម្តេចតេជោដោយផ្ទាល់។ លោក ភីតធឺ បានបង្ហាញការស្ញប់ស្ញែងចំពោះការធ្វើពលីកម្ម ក៏ដូចជាបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក ។
ជាមួយគ្នានេះ លោក ភីតធឺ ក៏បានកោតសរសើរ ចំពោះការអភិវឌ្ឍនៅកម្ពុជា ។ លោកបានគូសរំលេចថា កម្ពុជាជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់ប្រទេសកម្ពុជាជាខ្លាំងនៅពេលបានមកឃើញដោយផ្ទាល់ភ្នែក។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ភីតធឺ ក៏បានពិភាក្សាពីទិសដៅខាងមុខ គឺការពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់របស់លោក ភីតធឺ ក៏ដូចជាក្នុងក្របខណ្ឌប្រទេស និងប្រទេស ៕

To Top