លោក ប៉ែន បូណា ៖ មិត្តបរទេស ចុះពិនិត្យទីតាំងថៃ កាន់កាប់ខុសច្បាប់ បង្ហាញពីការការពារទឹកដី របស់កម្ពុជា
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា វត្តមានមិត្តភិក្តបរទេស របស់ព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យទីតាំងកម្ពុជាដែលក្រុមយោធាថៃ ទន្ទ្រានកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ បង្ហាញឱ្យឃើញពីសកម្មភាពការទូតរបស់ថ្នាក់ដឹកនាំកម្ពុជា លើការការពារបូរណភាពទឹក ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកប៉ែន បូណា ថ្លែងថា ដៃគូសន្ទនាអន្តរជាតិ ទាំងឡាយសុទ្ធតែបានដឹង ការពិត ឬបានឃើញផ្ទាល់ភ្នែកពីសកម្មភាពបំពានកាន់កាប់ខុសច្បាប់របស់កងកម្លាំងថៃ ហើយបាននិងកំពុងជំរុញ ឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចដែលកម្ពុជាចង់បាន។

លោកបន្តថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន ១២ ប្រទេសចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងតំបន់ច្រកបឹងត្រកួន ព្រមទាំងទីតាំងគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដែលរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃ ។

លោកបន្ថែមថា គណៈប្រតិភូអនុព័ន្ធយោធាបរទេសទាំងនោះ ក៏បានចុះទៅពិនិត្យផ្ទះសម្បែង និងហាងទំនិញរបស់ប្រជាពលរដ្ឋស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាក្នុងតំបន់នោះ ដែលត្រូវបានបំផ្លិចបំផ្លាញ ក៏ដូចជាទីតាំងយោធាថៃបានរាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ ដើម្បីកាន់កាប់ដោយខុសច្បាប់ ហើយដែលបានរារាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ច្រើនម៉ឺននាក់មិនឱ្យវិល ត្រឡប់ទៅផ្ទះសម្បែងវិញបាន ។

អ្នកនាំពាក្យគូសបញ្ជាក់ថា “វត្តមានរបស់អង្គទូត តំណាងអង្គការអន្តរជាតិ មន្ត្រីអនុព័ន្ធយោធាបរទេស និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏ដូចជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះទៅពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍ ជាបន្តបន្ទាប់ពីស្ថានភាពជាក់ស្តែងនៅតាមទីតាំងដែលថៃបានបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ បង្ហាញឱ្យឃើញពីសកម្មភាពការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរដែលរងការបំពានដោយភាគីថៃ” ។

លោកសង្កត់ធ្ងន់ថា កម្ពុជាបានបង្ហាញជំហរច្បាស់លាស់ដោយឈរលើ ដំណោះស្រាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសារសំខាន់ នៃការថែរក្សាសន្តិភាព និងស្ថិរភាព ខណៈកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការធានាការវិលត្រលប់របស់ប្រជាពលរដ្ឋខ្លួន ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ដោយសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

