ព័ត៌មានជាតិ

លោក កែវ រតនៈ៖ នយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជា ធានាបានការផ្គត់ផ្គង់អគ្គិសនី គ្រប់គ្រាន់ និងមិនឡើងថ្លៃ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល លោក កែវ រតនៈ បានថ្លែងថា ការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជា ពុំមានអ្វីព្រួយបារម្ភឡើយ ហើយអាចធានាការប្រើ ប្រាស់គ្រប់គ្រាន់ និងមិនឡើងថ្លៃ ដោយសារកើតចេញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់អតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ។

ក្រោយបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក កែរ រតនៈ បានថ្លែងថា កម្ពុជា ជាប្រទេសមួយដែលមានសមទ្ធិផលធំ គឺ ថាមពលបៃតង ខណៈបណ្តាប្រទេសក្នុងអាស៊ាន មានតែកម្ពុជាទេ បន្ទាប់ពីឡាវដែលមានកម្រិតអត្រា ថាមពលបៃតងខ្ពស់នៅក្នុងបណ្តាញជាតិ ។

រដ្ឋមន្ត្រីបន្តថា ក្នុងឆ្នាំ២០២៥ កម្ពុជាមានថាមពលបៃតងដល់ទៅ៦៣% និងឆ្នាំ២០២៦ រំពឹងថាអាចនឹងឡើងដល់៦៧% ។ បន្ថែមលើនេះ កម្ពុជា មានផែនការដល់ឆ្នាំ២០២៧ឡើងដល់៧០% ដែលជាអត្រាថាមពលបៃតងមួយខ្ពស់ នៅក្នុងពិភពលោក មិនមែនត្រឹមក្នុងតំបន់អាស៊ាន។

លោកថ្លែងបន្តថា ដោយសារគោលនយោបាយដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ពីអតីតកាល និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្នសភាពការណ៍ប្រេងបច្ចុប្បន្ននេះ ធ្វើឱ្យប្រជាពលរដ្ឋអាចនៅផ្ទះ ធ្វើរោងចក្រ ដោយជឿជាក់ថា ថ្លៃភ្លើង មិនឡើង ។ ទាំងអស់ ក៏ដោយសារកម្ពុជា មានវារីអគ្គិសនី ជាគោល, មានថាមពលដើរដោយពន្លឺព្រះអាទិត្យ, មានភ្ជាប់ទំនាក់ទំនងបំពេញបន្ថែមអគ្គិសនីពីប្រទេសឡាវ ហើយកំពុងអភិវឌ្ឍន៍ ប្រភពផ្សេងៗទៀត ដូចជាប្រភពដើរដោយឧស្ម័ន នៅកោះកុង ដែលក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង កំពុងតែសាងសង និងត្រៀមដាក់ឱ្យដំណើរ ការនៅក្នុងឆ្នាំ២០២៧ ដែលអាចនិយាយបានថា សន្តិសុខថាមពលជាតិរបស់កម្ពុជាមិនខ្វះខាតទេ ៕

To Top