ព័ត៌មានជាតិ

២ខែ កម្ពុជា នាំចេញអង្ករជាង ២៤ម៉ឺនតោន ទទួលបានចំណូលជាង ១៤លានដុល្លារ

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ២ខែ នៃឆ្នាំ២០២៦នេះ កម្ពុជានាំចេញអង្ករបានចំនួន ២៤៧ ៨២២ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ១៤២.៨៧ លានដុល្លារ។

យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ២ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៧ ៨២២ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១»។

ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៦៤ ១៣៤ តោន គិតជាទឹកប្រាក់ចំនួន ៤៦.២២ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៥១ ៣៨៤ តោន គិតជាទឹកប្រាក់ចំនួន ៣៦.៣១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១១២ ១៤២ តោន គិតជាទឹកប្រាក់ចំនួន ៤១.៨៩ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ២០ ១៦២ តោន គិតជាទឹកប្រាក់ចំនួន ១៨.៤៥ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.១៦% ប្រភេទអង្ករសគ្រាប់វែង ០.០៦% អង្ករចំហុយ ១.១៨% អង្ករសរីរាង្គចំនួន ០.៧៤% អង្ករបាក់គ្រប់ប្រភេទ ២៧.៦៨% និងអង្ករផ្សេងៗចំនួន ១១.១៨% ។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៨៧៣ ៨៨០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១៩៦.៦២ លានដុល្លារសហរដ្ឋអាមេរិក ៕

To Top