ការទប់ស្កាត់ ការកើតជំងឺគ្រុនចាញ់ មានសារៈសំខាន់រក្សាសមិទ្ធផល សម្រេចជាប្រវត្តិសាស្ត្រកម្ពុជា
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ មានសារៈសំខាន់ខ្លាំង ក្នុងការថែរក្សាសមិទ្ធផលដែលសម្រេចបានជាប្រវត្តិសាស្ត្រនៃកម្ពុជា ។

ការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា បែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ គ្មានជំងឺព្រូនស៊ីស្តូ ក្រោយឆ្នាំ២០២៥» នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងថា ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ត្រូវបន្តការទទួលខុសត្រូវ និងពង្រីកវិសាលភាពសកម្មភាពការងារលើការលើកទឹកចិត្តថ្នាក់មូលដ្ឋានផ្ទាល់ឱ្យបន្តខិតខំអនុវត្តផែនការសកម្មភាពការងាររបស់កម្មវិធីជាតិ ផ្តោតលើគុណភាព និងប្រសិទ្ធភាព ពិសេសការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ និងសហគមន៍ លើកកម្ពស់អនាម័យផ្ទះសំបែង បរិស្ថានល្អ និងរស់នៅស្អាត។

រដ្ឋមន្រ្តីបន្ថែមថា ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ដៃគូអភិវឌ្ឍន៍ ដៃគូអនុវត្តនានា និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានសហប្រតិបត្តិការសម្របសម្រួលអនុវត្តសកម្មភាពប្រយុទ្ធ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូនទទួលបានលទ្ធផលគួរជាទីមោទនៈ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ចំពោះកម្មវិធីគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នារក្សាឱ្យបានគឺ «មិនឱ្យមានករណីជំងឺគ្រុនចាញ់ឆ្លងថ្មីក្នុងប្រទេសកម្ពុជាឡើយ» ដើម្បីត្រៀមលក្ខណៈស្នើសុំវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក បញ្ជាក់ពីការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់កម្មវិធីគ្រុនឈាមនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ាបានស្នើឱ្យពង្រឹងដោយបុរេសកម្ម តាមដានស្ថានភាពជំងឺ និងការអន្តរាគមន៍ឆ្លើយតបចំគោលដៅទាន់ពេល ដើម្បីកាត់បន្ថយអត្រាស្លាប់រហូតដល់សូន្យ និងកាត់បន្ថយអត្រាអ្នកជំងឺគ្រុនឈាមឱ្យមកនៅទាបបំផុត តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពការងារអប់រំសុខភាព ការលុបបំបាត់ប្រភពបង្កបង្កើតភ្នាក់ងារចម្លងមូសខ្លា ការដាក់ថ្នាំសម្លាប់ដង្កូវទឹក និងបាញ់ថ្នាំ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ករណីឆ្លងក្នុងស្រុកបានថយចុះ៨៤% បើប្រៀបនឹងឆ្នាំ២០២៤ ពី ៣២២ មកនៅ៥២ករណី ខណៈករណីនាំចូលពីក្រៅប្រទេសមាន៥៥ករណី។ អត្រាអាំងស៊ីដង់បានថយចុះពី០,២៦% នៅឆ្នាំ២០២១ មកនៅ០,០០៣% ក្នុងឆ្នាំ២០២៥ ដែលស្ទើរស្មើសូន្យ។ ទូទាំងប្រទេស មិនមានករណីឆ្លងថ្មីក្នុងប្រទេសត្រូវបានរកឃើញឡើយ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន ។ នេះបញ្ជាក់ពីប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រព័ន្ធតាមដានជំងឺ ៕





