មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អញ្ជើញបើកសិក្ខាសាលាផ្តល់សុពលភាពលើលទ្ធផលស្រាវជ្រាវ ស្តីពីការពង្រឹងប្រសិទ្ធភាពយន្តការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ លោកស្រីសុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្តល់សុពលភាពលើលទ្ធផលស្រាវជ្រាវស្តីពី «ការពង្រឹងប្រសិទ្ធភាពយន្តការបង្ការ និងដោះស្រាយវិវាទការងារនៅកម្ពុជា» ដោយមានការចូលរួមពីសំណាក់លោក Shin Hochul ប្រធានទីប្រឹក្សាបច្ចេកទេស នៃគម្រោង ILO-Korea ព្រមទាំងតំណាងអង្គការ ILO សេវាការងារ និងមុខរបរកូរ៉េ (KLES) ភាគីនិយោជក និងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតជាច្រើនរូបទៀត។

ក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថាសិក្ខាសាលានេះមានគោលដៅសំខាន់ក្នុងការពិនិត្យវឌ្ឍនភាពស្រាវជ្រាវ និងប្រមូលមតិស្ថាបនាពីភាគីពាក់ព័ន្ធ ដើម្បីធានាថាការសិក្សានេះឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៅតាមសហគ្រាស និងក្លាយជាឯកសារយោងដ៏រឹងមាំសម្រាប់កសាងទំនុកចិត្ត និងពង្រឹងកិច្ចសហការក្នុងចំណោមដៃគូត្រីភាគីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ILO និងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រដល់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា លោកស្រីបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងកិច្ចសន្ទនាសង្គម ដែលបានរៀបចំជារបាយការណ៍លទ្ធផលសម្រាប់ឆ្លើយតបឱ្យទាន់ពេលវេលាតាមតម្រូវការរបស់ត្រីភាគី ជាពិសេសវិស័យឯកជន និងបងប្អូនកម្មករនិយោជិត។ លោកស្រីបានសង្កត់ធ្ងន់ថា ភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈបច្ចុប្បន្ន គឺជាលទ្ធផលនៃគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងត្រូវបានបន្តជំរុញយ៉ាងសកម្មក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកការបង្កើនប្រសិទ្ធភាពដោះស្រាយវិវាទ និងយុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាសូចនាករគន្លឹះដើម្បីទាក់ទាញការវិនិយោគ និងធានាកំណើនសេដ្ឋកិច្ច។

ចំពោះទិដ្ឋភាពច្បាប់ និងបច្ចេកទេស លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារចំនួន ១៣ និងបានធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីការងារឆ្នាំ២០២២ ដោយផ្តល់សមត្ថកិច្ចបន្ថែមដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទបុគ្គល។ ជាលទ្ធផលដ៏គួរឱ្យមោទនៈ អត្រាផ្សះផ្សាសះជាបានកើនឡើងដល់ ៩៧,៩% ក្នុងឆ្នាំ២០២៥ តាមរយៈការខិតខំពង្រឹងសមត្ថភាពមន្ត្រីដោយវិទ្យាស្ថានជាតិការងារ។

ទន្ទឹមនឹងនេះ លោកស្រីបានសង្កត់ធ្ងន់លើស្មារតីបង្ការវិវាទ ដោយអនុវត្តតាមពាក្យស្លោកបុរាណ «ប្រហែសបាត់ ប្រយ័ត្នគង់» និង «កុំចាំសេះបាត់ ទើបធ្វើរបង» ព្រមទាំងបានណែនាំឱ្យអង្គសិក្ខាសាលាយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យ និងតម្លាភាពនៃប្រព័ន្ធទាំងមូល។

ទន្ទឹមនឹងនេះដែរ លោក Shin Hochul តំណាងគម្រោង ILO-Korea បានសម្ដែងនូវក្ដីសង្ឃឹមថា ត្រីភាគីកម្ពុជានឹងយកលទ្ធផលពិភាក្សានេះទៅកែច្នៃជាផែនការសកម្មភាពជាក់ស្តែង ដោយលោកបានប្តេជ្ញាថា ILO-Korea នឹងបន្តដើរតួជាអ្នកសម្របសម្រួលបច្ចេកទេស និងគាំទ្រដល់ការអនុវត្តផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរពិតប្រាកដ៕



