រដ្ឋមន្ដ្រីមហាផ្ទៃ លើកទឹកចិត្តក្រសួងស្ថាប័ន បន្តលើកកម្ពស់ស្រ្តី ឱ្យកាន់តែមានឱកាសទូលំទូលាយ ក្នុងការបញ្ចេញសមត្ថភាព
ភ្នំពេញ ៖ លោកឧបនាយរដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន គប្បីបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្រ្តី ដែលកំពុងបំពេញការងារ ឱ្យកាន់តែមានឱកាសទូលំទូលាយ ដើម្បីបញ្ចេញសមត្ថភាព និងចំណេះដឹង។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយរដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា ក្នុងនាមជាបុរស បើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែង និងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។

ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គុណតម្លៃរបស់ស្ត្រី គឺជាគុណដែលមានតម្លៃមហាសាល ដែលមិនអាចកាត់ថ្លៃបានឡើយ ដោយស្ត្រីបានលះបង់គ្រប់បែបយ៉ាង តាំងពីកម្លាំងកាយចិត្ត រហូតដល់ពេលវេលាផ្ទាល់ខ្លួន ដើម្បីជ្រោមជ្រែងគ្រួសារ និងសង្គមជាតិ ដោយមិនគិតពីការនឿយហត់។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន គប្បីបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ស្រ្តី ដែលកំពុងបំពេញការងារ ឱ្យកាន់តែមានឱកាសទូលំទូលាយក្នុងការបញ្ចេញសមត្ថភាព និងចំណេះដឹង និងត្រូវបន្តផ្តល់អាទិភាព ដល់ស្ត្រី ក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្តក្នុង វិស័យសាធារណៈ ព្រោះការផ្តល់តម្លៃដល់ស្ត្រី មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបការៈរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុអភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយបរិយាបន្ន និងចីរភាព៕


